រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩ កន្លងទៅ សមាគមសហគ្រិនស្ត្រីកម្ពុជា (CWEA) បានរៀបចំពិធីអបអរសារទរ ទិវាសហគ្រិនស្ត្រីកម្ពុជា (CWED) ជាលើកទី១ នៅផ្សាទំនើប AEON 2 លើប្រធានបទចំនួន២ ៖ ទី១ “ការីកចម្រើននៃរដ្ឋាភិបាលអេឡិចត្រូនិច E-Government សម្រាប់កំណើនសេដ្ឋកិច្ច និងការជួយគាំទ្រសហគ្រិនស្ត្រី” និងទី២ “បញ្ហាប្រឈមសម្រាប់សហគ្រិនស្រ្តីនៅយុគសម័យឌីជីថល”។

កម្មវិធីនេះ ធ្វើឡើងក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ របស់លោកជំទាវ វេជ្ជបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី, លោកជំទាវទន្តបណ្ឌិត អេងលីគង់ ជាប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា, លោកជំទាវ ម៉ម ដាត្ថាលីណែត ជានាយិកាផ្នែកអភិវឌ្ឍន៍អាជីវកម្ម និងជាប្រធានដឹកនាំកម្មវិធី និងមានការចូលរួមពីសហការី និងសមាជិកសហគ្រិនជាស្ត្រីជាច្រើនរូបផងដែរ រួមទាំងដៃគូសហប្រតិបត្តិការមកពីវិស័យផ្សេងៗគ្នារួមទាំងវិស័យឯកជន និងតំណាងអោយរាជរដ្ឋាភិបាល ទាំងភ្ញៀវកិត្តិយសជាច្រើនរូបផងដែរ។

លោកជំទាវ ទន្តបណ្ឌិត អេងលីគង់ បានថ្លែងថា សមាគមសហគ្រិនស្ត្រីកម្ពុជា គឺជាអ្នកតំណាងសំឡេងរបស់អ្នកដឹកនាំស្ត្រីនៅក្នុងវិស័យអាជីវកម្ម ដែលជាចលករថ្មីបំផុត ក្នុងការរួមចំណែកលើការរីកចំរើននិងអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសជាតិ។ ភាពជាសហគ្រិន មិនសម្គាល់ត្រឹមថា ជាអ្នកបង្កើតការងារ និងអាជីវកម្មសម្រាប់សង្គមប៉ុណ្ណោះទេ តែវាមានតួនាទីដ៏សំខាន់ និងជាមូលដ្ឋានគ្រឹះនៃកំណើនសេដ្ឋកិច្ចរបស់ជាតិ និងចូលរួមជួយដោះស្រាយបញ្ហានានាបស់សង្គមយើងទាំងអស់គ្នាផងដែរ។

នៅក្នុងកម្មវិធីនេះ មានកិច្ចពិភាក្សាសួរដេញដោលលើប្រធានបទចំនួន២ ទី១ ស្តីពី “ការីកចម្រើន នៃរដ្ឋាភិបាលអេឡិចត្រូនិច E-Government សម្រាប់កំណើនសេដ្ឋកិច្ច និងការជួយគាំទ្រសហគ្រិនស្ត្រី” ហើយកិច្ចពិភាក្សាសួរដេញដោលលើនេះ មានការចូលរួមសម្របសម្រួលពី ឯកឧត្តមបណ្ឌិត តាន់មុនីវណ្ណ ទីប្រឹក្សាកិត្តិយសសមាគមសហគ្រិនស្ត្រីកម្ពុជា និងមានការបកស្រាយបំភ្លឺពីវាគ្មិនចំនួន៣រូប ៖ ទី១- លោកជំទាវ តឹក រ៉េតកំរ៉ង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម (តំណាង Ministry of Comerce), ទី២- ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិនិណ្ឌ នាយកប្រតិបត្តិមជ្ឈមណ្ឌលលើកកម្ពស់សហគ្រិនភាព នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (តំណាង Ministry of Economic & Finance), និងទី៣-លោកអ៊ូ ភាន់ណារិទ្ធ ប្រធាននាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន។
ប្រធានបទទី២ ស្តីពី “បញ្ហាប្រឈមសម្រាប់សហគ្រិនស្រ្តីនៅយុគសម័យឌីជីថល”។ ដោយមានការចូលរួមបកស្រាយពីវាគ្មិនល្បីៗ ដូចជា៖ ទី១- លោកជំទាវ ឆាយ ស៊ីវលីន ជាប្រធានសមាគនទីភ្ញាក់ងារទេសចរណ៍កម្ពុជា (CATA)។ ទី២- កញ្ញា ស៊ុន ស៊ីហនិតនោវី ជានាយិកាក្រុមហ៊ុនអភិវឌ្ឍន៍បច្ចេកវិទ្យា (STD Co., ltd) និង ទី៣- លោកស្រី ចាន់ភារី ជាស្ថាបនិក និងជានាយកគ្រប់គ្រងក្រុមហ៊ុន New link Marketing ltd. ហើយកម្មវិធីនេះ មានការសម្របសម្រួលដោយលោកស្រី ឡេងសុម៉ាលី។

ជាចុងបញ្ចាប់នៃកម្មវិធីនេះ មានតំណាងសមាគមសហគ្រិនស្ត្រីកម្ពុជា (CWEA) បានផ្តល់ជាយោបល់និងលើកទឹកចិត្តដល់សហគ្រិនជាស្ត្រីទាំងអស់ សូមមកចូលរួមជាសមាជិកសហគមស្ត្រី ដើម្បីទទួលបានការជួយគាំទ្រទាំងស្មារតី និងយុទ្ធសាស្ត្រនានាដែលស្ត្រីទូទៅកំពុងតែប្រឈមលើវិស័យអាជីវកម្ម ពោលគឺ “ស្ត្រីមិនគួរខ្លាចរអាក្នុងការដាក់គោលដៅខ្លួន ដើម្បីឆ្ពោះទៅមុខទេ! ” តោះចូលរួមដើម្បីការរីកចំរើនទាំងអស់គ្នា។
សូមបញ្ជាក់ថា បច្ចុប្បន្នសមាគមមានសមាជិកជាស្ត្រីដែលបានក្លាយជាសមាជិកមានចំនួនជាង ៩០០ នាក់ដោយសមាគមបានបើកដំណើរការមានរយៈពេលជិត៨ឆ្នាំមកហើយ។ នេះជាលើកដំបូងហើយ ដែលសមាគមស្ត្រី បានប្រារព្ធពិធីនេះឡើង ដើម្បីអបអរចំពោះការច្នៃប្រឌិត និងការផ្តល់សិទ្ធិ និងពង្រឹងភាពក្លាហានដល់ភាពជាសហគ្រិនស្ត្រី និងភាពជាអ្នកដឹកនាំស្ត្រីទូទាំងពិភពលោកក្នុងវិស័យអាជីវកម្ម។
ព័ត៌មានលម្អិត សូមទាក់ទងមកលេខទូរស័ព្ទ ការិយាល័យ 023 224 346៕