ខេត្តកណ្តាល ៖ ថ្មីៗនេះប្រជាពលរដ្ឋនៅក្រុងតាខ្មៅ បានអំពាវនាវឲ្យលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល ក៏ដូចជាលោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាល ចាត់វិធានការទប់ស្កាត់សកម្មភាពសាឡង់ និងកប៉ាល់ បូមខ្សាច់យ៉ាងអនាធិបតេយ្យនៅក្នុងទន្លេបាសាក់ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ដោយសារតែការឃុបឃិតបើកដៃពីសំណាក់លោក យិន រដ្ឋា ប្រធានមន្ទីររ៉ែ និងថាមពលខេត្តកណ្ដាល ។

ប្រជាពលរដ្ឋនៅក្រុងតាខ្មៅ បានឲ្យដឹងថា ពួកឈ្មួញបានប្រើសាឡង់ និងទូកធំៗធ្វើអាជីវកម្មបូមខ្សាច់ក្នុងទន្លេបាសាក់ យ៉ាងពេញបន្ទុក ដែលធ្វើឲ្យប៉ះពាល់ស្ពានព្រែកសំរោង ផងដែរ។ ប្រជាពលរដ្ឋបានលើកឡើងថា ទំនងជាមានការឃុបឃិតជាប្រព័ន្ធ ទើបក្រុមឈ្មួញអាចប្រើសាឡង់ កប៉ាល់ និងទូកធំៗធ្វើសកម្មភាពបូមខ្សាច់ទាំងថ្ងៃទាំងយប់ដោយគ្មានញញើតអ្វីទាំងអស់ ហើយស្ពានព្រែកសំរោង កំពុងប្រឈមនឹងផលប៉ះពាល់យ៉ាងខ្លាំង។

ប្រភពពីមន្ត្រីរាជការនៅក្នុងមន្ទីររ៉ែ និងថាមពលខេត្តកណ្ដាល មួយចំនួនបានលួចបង្ហើបឲ្យដឹងថា ប្រសិនបើគ្មានការឃុបឃិតបើកដៃពីសំណាក់លោក យិន រដ្ឋា ប្រធានមន្ទីររ៉ែ និងថាមពលខេត្តកណ្ដាល នោះទេ គឺគ្មានឈ្មួញណាហ៊ានធ្វើសកម្មភាពបូមខ្សាច់យ៉ាងអនាធិបតេយ្យបានបែបនេះឡើយ។
ទាក់ទងករណីចោទប្រកាន់ខាងលើនេះ ថាជាការពិត ឬយ៉ាងណានោះទេ ព្រោះkbn មិនអាចសុំការបំភ្លឺពីលោក យិន រដ្ឋា ប្រធានមន្ទីររ៉ែ និងថាមពលខេត្តកណ្ដាល បាននៅឡើយ៕