ប្រទេសថៃ ៖ ពលករខ្មែរទាំង២នាក់ត្រូវបានផ្ទាំងស៊ីម៉ងត៍ធ្លាក់សង្កត់ពីលើ បណ្ដាលឲ្យម្នាក់ស្លាប់ភ្លាមៗ និងម្នាក់ទៀត សង្កត់ជាប់ជើងទាំងពីរ។
ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើងកាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩ នៅក្នុងការដ្ឋានសាងសង់ផ្ទះមួយកន្លែង នៅម្ដុំខាងក្រោយស្នាមដែង ស្ថិតក្នុងភូមិ ៥ ឃុំបាងកែវ ស្រុកបាងភ្លី ខេត្ដសមុទ្រប្រាកាន។
នេះបើយោងតាមការចេញផ្សាយរបស់កាសែត ថៃរ៉ាត់ នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩។
ជនរងគ្រោះឈ្មោះ ម៉ៅ សិទ្ធិ ភេទប្រុស អាយុ៣៦ឆ្នាំ ស្លាប់បាត់បង់ជីវិត នៅកន្លែងកើតហេតុ និង ឈ្មោះ ហឿង វុធ ភេទប្រុស អាយុ៣០ឆ្នាំ រងរបួសត្រង់ ជើងទាំងសងខាង។


កាសែត ថៃរ៉ាត់ បានបញ្ជាក់ថា ជនរងគ្រោះទាំង២នាក់នេះ ជាពលករខ្មែរទៅបម្រើការនៅក្នុងប្រទេសថៃ ខណៈដែលពួកគេទាំង២នាក់ កំពុងធ្វើការនៅក្នុងទីតាំងសាងសង់សំណង់ខាងលើ ចៃដន្យស្រាប់តែផ្ទាំងស៊ីម៉ង់ត៏ រលំសង្កត់ ដោយមិនដឹងខ្លួន បណ្ដាលឲ្យស្លាប់ម្នាក់ និងម្នាក់ទៀតរបួសធ្ងន់ បច្ចុប្បន្នកំពុងត្រូវបានសង្គ្រោះនៅក្នុងមន្ទីរពេទ្យ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅពិនិត្យ ព្រមទាំងបានយករថយន្តស្ទូច មកស្ទូចយកផ្ទាំងស៊ីម៉ងត៍ ចេញពីលើសព និង អ្នករបួស ដើម្បីពិនិត្យ ហើយជនរងគ្រោះឈ្មោះ ហឿង វុធ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តសមុទ្រប្រាកាន ចំណែកសពជនរងគ្រោះឈ្មោះ ម៉ៅ សិទ្ធិ ត្រូវក្រុមជំនាញតម្រួតថៃ នាំយករក្សាទុកដើម្បីពិនិត្យ និងស្រាវជ្រាវរកហេតុផលដែលបានកើតឡើង៕