ខេត្តសៀមរាប៖ ថ្មីៗនេះមានការភ្ញាក់ផ្អើលថា ក្រុមអ្នកមានអំណាច និងក្រុមមន្រ្តីយោធាយុទ្ធភូមិភាគ៤ កំពុងកាប់ទន្ទ្រាន និងប្រើគ្រឿងចក្រឈូសបំផ្លាញតំបន់ព្រៃការពារអភិរក្សគូលែនព្រហ្មទេព នៅចំណុចអូរទី៤ ភូមិសែនជ័យ ឃុំកន្ទួត ស្រុកស្វាយលើ រាប់សិបហិចតា ពុំមានអាជ្ញាធរ ឬសម្ថតកិច្ចបរិស្ថានណា មានវិធានការទប់ស្កាត់ឡើយ ។
ជាក់ស្ដែងនៅថ្ងៃទី៥ ខែឆ្នូ ឆ្នាំ២០១៩ ក្រុមអ្នកមានអំណាច និងមន្រ្តីយោធាក្នុងជួរអង្គភាពយុទ្ធភូមិភាគ៤ ឈ្មោះ ឆោម វុទ្ធី នាយរងកងវិស្វរកម្មយុទ្ធភូមិភាគ៤ ចេញមុខមកអះអាងថា លោកជាអ្នកយកគ្រឿងចក្រអេស្កាមកឈូសឆាយដីព្រៃនេះ ព្រោះដីព្រៃទាំងនេះសុទ្ធតែមានប្លង់មានម្ចាស់រួចអស់ហើយ ។


លោក ឆោម វុទ្ធី បានបញ្ជាក់បន្ធែមថា ដីព្រៃនៅចំណុចអូរទី៤នេះ ថ្នាក់លើគឺសម្ដេចពិជ័យសេនា ទៀ បាញ់ បានចែកឲ្យនាយទាហានក្នុងម្នាក់ៗ២ហិចតារ ពលទាហាន១ហិចតារ ចំណែកមេធំចំនួន៥ហិចតារ ដើម្បីទ្រទ្រង់ជីវភាពការរស់នៅសម្រាប់អង្គភាព និងពលទាហានក្នុងយុទ្ធភូមិភាគ៤ទាំងមូល ។
ជុំវិញករណីខាងលើនេះ លោកឧត្តមសេនីយ៍ទោ ហាក់ ឆេងហួត មេបញ្ជាការយោធភូមិភាគ៤ បានឲ្យដឹងនៅថ្ងៃទី ៧ ខែ ធ្នូ ឆ្នាំ២០១៩ ថា ដីខាងលើជាតំបន់សមរភូមិក្ដៅ ដែលកងទ័ពបានឈរជើងការពារវៃជាមួយថៃ កាលពីមុន ដូច្នេះតំបន់ខាងលើនេះលោកបានដាក់សំណើរទៅថ្នាក់លើ និងថ្នាក់ខេត្តរួចហើយ តែមិនទាន់មានការអនុញាតទេ តែដោយខ្លាចមានពលរដ្នចូលទៅកាប់ទទ្រ្ទាន់ ដូច្នេះលោកក៏បានដាក់គ្រឿងចក្រចូលឈូសឆាយអាច និងគ្រោងធ្វើកន្លែងប៉ុស្តិ៍យាម ឬក៍ធ្វើមន្ទីរវរៈណាមួយ ការពារទុក កុំឲ្យមានបញ្ហានៅពេលក្រោយ។


ជុំវិញករណីខាងលើនេះ គេមិនដឹងថា លោក ទៀ សីហា អភិបាលខេត្ត និងលោក ស៊ុន គង់ ប្រធានមន្ទីបរិស្ថានខេត្តសៀមរាប គិតយ៉ាងណាចំពោះក្រុមមន្រ្តីយោធាយុទ្ធភូមិភាគ៤ប្រព្រិត្តបទល្មើសយកគ្រឿងចក្រ អេស្ការ មកវៃដីព្រៃ អភិរក្សគូលែនព្រហ្មទេព និងទន្ទ្រានហ៊ុមពន្ធ័ រុករានយកដែនដីព្រៃអភិរក្សនៅចំណុចខាងលើយកធ្វើកម្មសិទ្ធផ្ទាល់ខ្លួនបែបនេះនៅឡើយទេ ៕