ប្រទេសអ៊ីរ៉ាក់៖ បាតុកម្មនៅក្នុងប្រទេសអ៊ីរ៉ាក់ឈានដល់ដំណាក់កាលអាក្រក់បំផុត ក្រោយពេលខ្មាន់កាំភ្លើងអង្គុយនៅលើរថយន្ត បានបាញ់ប្រហារទៅលើក្រុមបាតុករ នៅទីលាន Khilani ក្នុងរដ្ឋធានីបាដាដ បណ្តាលឲ្យបាតុករ១៥នាក់ស្លាប់ និងជាង៦០នាក់រងរបួសកាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩ ក្រុមបាតុករបានភ័យស្លន់ស្លោ ក៏នាំគ្នារត់ចេញពីទីលាន Khilani ទៅកាន់ទីលាន Tahrir និងព្រះវិហារអ៊ីស្លាម នៅក្បែរៗនោះ ដើម្បីលាក់ខ្លួន។ ប៉ុន្ដែរហូតមកទល់ពេលនេះ គេមិនទាន់ដឹងពីគោលបំណង នៃការបាញ់ប្រហារខាងលើនៅឡើយដែរ។

មន្ត្រីសុខាភិបាល បានឲ្យដឹងថា ក្នុងចំណោមអ្នកស្លាប់១៥នាក់នោះ មានប៉ូលិសពីរនាក់ផងដែរ។
ការបាញ់ប្រហារនេះ បានកើតឡើងក្រោយពេលក្រុមបាតុករប្រឆាំងនឹងរដ្ឋាភិបាល បានបិទស្ពាន Jumhuriya , Sinak និង Ahar ។ ការបិទស្ពាននោះ បង្កឲ្យប៉ះទង្គិចគ្នា រវាងកម្លាំងសន្តិសុខ និងបាតុករ ដោយសារផ្លូវ និងស្ពាននោះ ឆ្ពោះទៅកាន់ទីតាំងរដ្ឋាភិបាល។ បាតុករម្នាក់បានលើកឡើងថា៖ «ពេលនេះអាយុជីវិតរបស់យើង រងការគំរាមកំហែង ដោយគ្រាប់កាំភ្លើងពិត ហើយប្រព័ន្ធអគ្គិសនី ក៏ត្រូវកាត់ផ្តាច់អស់» ទៀត។


ការបាញ់ប្រហារខាងលើ បានកើតឡើង ក្រោយពេលមានករណីវាយប្រហារដោយកាំបិតជាច្រើន បានកើតឡើងទៅលើក្រុមបាតុករ នៅទីលាន Tahrir ដោយបានបណ្តាលឲ្យមនុស្ស១៣នាក់រងរបួស ។ បាតុកម្មនេះ បានចាប់ផ្តើម តាំងពីថ្ងៃទី១ ខែតុលាមកម៉្លេះ ហើយរហូតមកទល់ពេលនេះ ចំនួនអ្នកស្លាប់ បានកើនឡើង រហូតដល់ទៅជាង៤០០នាក់ និងប្រហែលជិត២នាក់ផ្សេងទៀត រងរបួស។
ភាគច្រើន បាតុករគឺជាក្រុមអ៊ីស្លាមនិកាយ Shia ប្រឆាំងទៅនឹងអំពើពុករលួយ សេវាកម្មសាធារណៈទន់ខ្យោយ គ្មានគុណភាព ពលរដ្ឋគ្មានការងារធ្វើ កើនឡើងខ្ពស់៕