រាជធានីភ្នំពេញ៖ សមត្ថកិច្ចបញ្ជូនស្រ្តីម្នាក់ ទៅចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសួរនាំនិងធ្វើការចោទប្រកាន់តាមផ្លូវច្បាប់ នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩ ក្រោយពាក់ព័ន្ធសំណុំរឿង ឆបោកប្រាក់ និងរំលោភលើទំនុកចិត្ត ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងខែកញ្ញា ឆ្នាំ២០១៨ ។

ជនសង្ស័យឈ្មោះ ម៉ែន ណាត ភេទស្រី អាយុ៣៨ឆ្នាំ រស់នៅបុរីពិភពថ្មី២ ផ្ទះលេខ២៣ ផ្លូវលេខ២៤ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ពាក់ព័ន្ធសំណុំរឿងឆបោកប្រាក់ ក្នុងមុខរបររកស៊ីទិញលក់សម្លៀកបំពាក់ចូលហ៊ុនគ្នាជាមួយក្រុមជនរងគ្រោះ ប៉ុន្តែជនត្រូវចោទបានយកទំនិញទៅលក់បានលុយមិនចែកទាំងដើម និងយកទាំងប្រាក់ចំណេញតែម្នាក់ឯង រួចរត់គេចខ្លួនពីក្រុមជនរងគ្រោះជាម្ចាស់ភាគហ៊ុន រហូតក្រុមជនរងគ្រោះសម្រេចដាក់ ពាក្យប្តឹងចូលតុលាការដើម្បីជួយរកយុត្តិធម៌ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ឃាត់ខ្លួនកាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក អ៊ុ សុភក្តិ ព្រះរាជអាជ្ញារង នៃអយ្យការងអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធសំណុំរឿងឆរបោកប្រាក់ និងរំលោភលើទំនុកចិត្ត ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងខែកញ្ញា ឆ្នាំ២០១៨ ។

សមត្ថកិច្ចបានបង្ហើបថា ពេលនេះ កំពុងមានអ្នករត់ការសុំដោះលែងជនត្រូវចោទឈ្មោះ ម៉ែន ណាត ឲ្យនៅក្រៅឃុំជាបណ្តោះអាសន្ន ខណៈជនរងគ្រោះនៅពុំទាន់បានទទួលសំណងនៅឡើយទេ សូម្បីតែមួយរៀលនៅឡើយ ។
ដោយឡែកជនរងគ្រោះ សង្ឃឹមថា មន្រ្តីអ្នកច្បាប់នឹងពិចារណា ផ្តល់យុត្តិធម៌ដល់ពួកគាត់ដែលបានចាញ់បោកស្ត្រីត្រូវចោទ អស់ប្រាក់ជាច្រើន និងទទូចស្នើសុំដល់តុលាការមេត្តាឃុំខ្លួនជនត្រូវចោទជាបណ្តោះអាសន្នសិន ដើម្បីរង់ចាំនីតិវិធីបន្ត ព្រោះបើសិនជាតុលាការដោះលែងជនត្រូវចោទនោះ ជននេះនឹងបន្តរត់គេចខ្លួនដូចកាលមុនទៀតមិនខាន ហើយមិនព្រមទទួលខុសត្រូវចំពោះសំណងទូទាត់ដែលពួកគាត់បានខាតបង់នោះទេ ៕