រាជធានីភ្នំពេញ៖ គ្រាន់តែឪពុកទើបទិញម៉ូតូថ្មី សេរី២០២០ បានភ្លាម មិនទាន់ធ្វើស្លាកលេខផង កូនបបួលបក្ខពួកជិះចេញដើរឆក់ភ្លែត លើកទី១បានសម្រេច លុះចេញឆក់លើកទី២ ត្រូវសមត្ថកិច្ចដេញចាប់បាន កាលពីរសៀលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩ នៅភូមិកិត្តប្បញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។

ជនសង្ស័យទាំង២នាក់៖ ទី១ ឈ្មោះ ជា រ៉ាវីត ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរជួយលក់រថយន្តឪពុកម្តាយ មានទីលំនៅភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ជិះម៉ូតូម៉ាកហុងដា សេ១២៥ សេរី២០២០ ពណ៌ខ្មៅ អត់ស្លាកលេខ ដែលឪពុកទើបទិញឲ្យកាលពីរសៀលថ្ងៃទី០៥ ខែធ្នូ ។ ទី២ ឈ្មោះ លី ឧត្តម ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ជិះម៉ូតូម៉ាក ស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HW-9355 ស្លាកលេខមានស្នាមឆ្កឹះលុបបាកូដ សង្ស័យមុខសញ្ញាចាស់ (ឆក់រាប់ភ្លេច) ។

មុនពេលចាប់ខ្លួនបាន កម្លាំងនគរបាលប៉ុស្តិ៍កាកាប២ ល្បាតនៅចំណុចងាយកើតបទល្មើសឆក់នៅតាមផ្លូវបេតុង ភូមិព្រៃសាលា សង្កាត់កាកាប២ ស្រាប់តែលេចមុខជនសង្ស័យ៣នាក់ ជិះម៉ូតូ៣គ្រឿង ។ លុះដល់ចំណុចខាងលើ ជនសង្ស័យឈ្មោះ ជា រ៉ាវីត ភេទ ដែលជិះម៉ូតូសេ១២៥ អត់ស្លាកលេខ ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីស្ត្រីអ្នកដំណើរម្នាក់ តែមិនបានសម្រេច ភ្លាមៗនោះ កម្លាំងល្បាតប៉ុស្តិ៍កាកាប២ ប្រកាសឲ្យកម្លាំងមួយចំហៀងខណ្ឌ ជួយដេញតាម រហូតចាប់បាន២នាក់ ម៉ូតូ២គ្រឿង ឯជនសង្ស័យម្នាក់ទៀត ជិះម៉ូតូសេ១២៥ មួយគ្រឿងទៀតគេចខ្លួនបាត់ស្រមោល ។

ជនសង្ស័យឈ្មោះ ជា រ៉ាវីត បានសារភាពថា គ្រាន់តែឪពុកគេទើបទិញម៉ូតូថ្មី សេរី២០២០ បានភ្លាម មិនទាន់ធ្វើស្លាកលេខផង រូបគេក៍បបួលគ្នាចេញដើរឆក់ភ្លែត លើកទី១បានសម្រេច លុះចេញឆក់ជាលើកទី២នេះ មិនបានសម្រេច ហើយត្រូវកម្លាំងប៉ូលិសដេញចាប់បានតែម្តង ៕