ខេត្តឧត្តរមានជ័យ៖ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា សាកសពបុរសជាមនុស្សវិកលចរិតម្នាក់ មានសភាពរលួយសាច់អស់សល់តែលលាដ៍ក្បាល ចំណែកឆ្អឹងអវ:យវ:ផ្សេងៗត្រូវបានសត្វព្រៃពាំស៊ីទៅកន្លែងផ្សេងៗពីគ្នា ត្រូវបានប្រជាពលរដ្ឋប្រទះឃើញនៅក្នុងចម្ការបុស្សមួយ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីកាលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩ ក្នុងភូមិអូរក្រូច ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ។
បន្ទាប់ពីទទួលព័ត៌មានខាងលើ កម្លាំជំនាញព្រហ្មទណ្ឌ និងបច្ចេកទេស នៃអធិការដ្ឋាននគរបាលស្រុកត្រពាំប្រាសាទ បានចុះដល់កន្លែងកើតហេតុ ដើម្បីធ្វើការពិនិត្យស្រាវជ្រាវ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ អ៊ុក ជា ភេទប្រុស អាយុ៥០ឆ្នាំ មានទីលំនៅភូមិគ ឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ ។


តាមការបំភ្លឺរបស់ឈ្មោះ ឃាន គីម ភេទប្រុស អាយុ៣២ឆ្នាំ ត្រូវជាប្អូនថ្លៃជនរងគ្រោះ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ អ៊ុក ជា មានជំងឺសរសៃប្រសាទតាំងពីឆ្នាំ២០១៦មក ហើយធ្វើទុក្ខខ្លាំងនៅពេលផឹកស្រា និងធ្លាប់រត់ចេញពីផ្ទះ២-៣ដងរួចមកហើយ កាលពីនៅឯស្រុកស្ទោង តែត្រូវបានក្រុមគ្រួសាររកឃើញនាំមកផ្ទះវិញ ។ នៅឆ្នាំ២០១៧ ជនរងគ្រោះត្រូវបានព្យាបាលជាសះស្បើយវិញ តែគ្រូពេទ្យហាមមិនឲ្យផឹកស្រាដាច់ខាត។ លុះមកដល់ឆ្នាំ២០១៨ ជនរងគ្រោះ និងប្រពន្ធបាននាំគ្នាទៅធ្វើការនៅប្រទេសថៃក្នុងរយ: ពេលនោះជនរងគ្រោះ បានធ្លាក់ខ្លួនញៀនស្រាឡើងវិញ ធ្វើឲ្យជំងឺសរសៃប្រសាទរើឡើងបន្តិចម្តងៗ ដល់ដើមខែ៩ ឆ្នាំ២០១៩ ជនរងគ្រោះត្រឡប់ពីប្រទេសថៃវិញ ដើម្បីមើលថែចម្ការដំឡូងមីនៅក្នុងដីក្រុមហ៊ុនសុខសំណាង។
ជនរងគ្រោះស្លាប់ដោយសាជំងឺសរសៃប្រសាទធ្វើទុក្ខ បូករួមនឹងអត់អាហារផង ។
ក្រោយធ្វើការពិនិត្យរួច សមត្ថកិច្ចបានប្រគល់សាកសពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕