រាជធានីភ្នំពេញ៖ ទារកទើបនឹងកើតមកតែងមានកន្លែងមួយនៅចំពីលើក្បាលដែលមានសភាពទន់ជ្រាយ គេហៅថា «បង្ហើយ» មិនត្រូវប៉ះពាល់ផ្តេសផ្តាសនោះទេ ព្រោះអាចនាំឲ្យទារកមានគ្រោះដល់អាយុជីវិត។


កាលពីសម័យមុន ចាស់ៗមួយចំនួនធំបាននាំគ្នាយកស្លឹករុក្ខជាតិផ្សេងៗ ឬមើមពន្លៃជាដើម ទៅបិទនៅលើក្បាលទារកដែលទើបនឹងកើត ក្នុងគោលបំណងធ្វើឱ្យត្រង់កន្លែងបង្ហើយនេះឆាប់រឹង និងធ្វើឱ្យមានក្លិនក្រអូប និងធ្វើឲ្យក្មេងមានសុខភាពល្អជាដើម។ ឯអ្នកខ្លះទៀត យកប្រេងកូឡាទៅលាបលើបង្ហើយទារកផងដែរ ទាំងមិនដឹងថានៅក្នុង ប្រេងកូឡានោះផ្សំឡើងពីសារធាតុអ្វីខ្លះទេ ដែលអាចមានផល់ប៉ះពាល់ដល់ខួរក្បាលរបស់ទារក និងមានគ្រោះថ្នាក់ដោយប្រការណាមួយ ។ ដូច្នេះហើយ បានជាគ្រូពេទ្យជំនាញហាមមិនឲ្យឪពុកម្តាយគ្រប់រូបធ្វើរឿងដូចខាងលើនេះទៀតឡើយ។


លោកវេជ្ជ.ហ៊ាង រតនា ដែលជាគ្រូពេទ្យជំនាញ បានសរសេរសាររំលឹកដល់ឪពុកម្តាយទារកគ្រប់រូប បង្ហោះនៅលើហ្វេសប៊ុកថា“កុំលាបប្រេងខ្យល់ប្រេងកូឡាលើក្បាលក្មេងលោកអើយ អាណិតគ្នាផង ក្បាលក្មេងមិនត្រូវការលាបអ្វីទាំងអស់។ មុនធ្វើអ្វីលើក្មេងគួរសួរពេទ្យជំនាញ កុំចេះតែសួរចាស់ៗតាមចាស់ៗគាត់មិនមែនជាពេទ្យទេ”។