ខេត្តកំពង់ចាម ៖ ជនសង្ស័យម្នាក់បានបន្លំខ្លួនធ្វើជាមន្ត្រីកាកបាទក្រហម ដើរចុះស្រង់ឈ្មោះជនក្រីក្រដើម្បីចែកអំណោយ។ ពេលឃើញស្ត្រីចំណាស់ម្នាក់នៅតែឯង ក៏ប្រើល្បិចឲ្យស្រី្តរូបនោះ ដោះចិញ្ចៀនមាសពាក់នៅដៃចេញ លុះឃើញឱកាសមកដល់ ស្រាប់តែឆក់យកចិញ្ចៀនមាសរបស់ស្រ្តីខាងលើ រួចជិះម៉ូតូរត់គេចខ្លួន តែត្រូវកម្លាំងសមត្ថកិច្ចស្រាវជ្រាវស្គាល់អត្តសញ្ញាណជនសង្ស័យ ក៏តាមចាប់ដល់ក្រុងភ្នំពេញ។
ជនសង្ស័យដែលបន្លំខ្លួនធ្វើជាមន្ត្រីកាកបាទក្រហម ដើរបោកប្រាស់យកមាសពលរដ្ឋនេះ មានឈ្មោះនី ហារិទ្ធី ភេទប្រុស អាយុ៤៦ឆ្នាំ រស់នៅភូមិទីខ១ សង្កាត់ច្រាំង ចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ និងមានស្រុកកំណើតឃុំឆ្លូង ស្រុកស្នួល ខេត្តក្រចេះ ។ ចំណែក ឈ្មោះចាន់ សំអឿន ភេទស្រី អាយុ៧១ឆ្នាំ រស់នៅភូមិចុងបឹងក្នុង ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ។


ស្ត្រីរងគ្រោះ បានឱ្យដឹងថា កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩ មានមនុស្សប្រុសម្នាក់(ជនសង្ស័យ) ជិះម៉ូតូពណ៌ក្រហម ចូលទៅផ្ទះរបស់គាត់ ហើយជនសង្ស័យប្រាប់គាត់ថា គេធ្វើការខាងកាកបាទក្រហម ចុះស្រង់ឈ្មោះអ្នកក្រីក្រដើម្បីចែកអំណោយដល់ជនក្រីក្រនៅសាលាឃុំរៀងរាល់ខែ បន្ទាប់មកជនសង្ស័យក៏បានឱ្យគាត់ឈរថតដើម្បីថត ហើយពេលនោះជនសង្ស័យ បានឲ្យគាត់ដោះចិញ្ចៀនមាសទម្ងន់២ជីចេញ ព្រោះខ្លាពេលថតទៅឃើញចិញ្ចៀនគេមិនឱ្យអំណោយទេ។ ពេលនោះគាត់ក៏ដោះចិញ្ចៀនដាក់លើគ្រែ ស្រាប់តែជនសង្ស័យឃើញឱកាសល្អ ឆក់យកចិញ្ចៀនរបស់គាត់ រួចរត់ឡើងបើកម៉ូតូទៅបាត់ ទើបគាត់ធ្វើដំណើរទៅដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចជួយអន្តរាគមន៍តែម្តង។


សាមត្ថកិច្ច បានឲ្យដឹងថា ពេលជនសង្ស័យជិះគេចខ្លួន បានវាក់នឹងម៉ូតូក្មេងនៅក្នុងភូមិម្នាក់ ហើយបានជ្រុះកាតាប១ តែជនសង្ស័យមិនបានឈប់រើសនោះទេ ។ នៅក្នុងកាតាបនោះ សមត្ថកិច្ច រកឃើញមានអត្តសញ្ញាណប័ណ្ណស៊េរីចាស់១សន្លឹក និងស៊េរីថ្មី១សន្លឹក មានឈ្មោះនី ហារិទ្ធី និងកាតគ្រីម៉ូតូ១សន្លឹកម៉ាកស៊ុយហ្ស៊ុយគីស្មាសវី ពណ៌ក្រហម ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ ភ្នំពេញ 1DE-2176 រូបថតតូចៗ វ៉ែនតា១ ស្រោមវ៉ែនតា២ ក្រដាសប្រវត្តិរូប១សន្លឹក និងក្រដាស់សរសេរមួយចំនួន ថ្នាំលេបមួយចំនួន១ទីប។
សមត្ថកិច្ចបន្តថា ពេលនោះ កម្លាំងសមត្ថកិច្ចបានស្វែងរកជនសង្ស័យអត្តសញ្ញាណប័ណ្ណខាងលើ ។ រហូតដល់វេលាម៉ោង៣ និង៣០នាទីរសៀលថ្ងៃដដែល កម្លាំងសមត្ថកិច្ចបានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលច្រាំចំរេះទី២ នៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ធ្វើការចាប់ខ្លួនបានតែម្តង រួចបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្រីសន្ធរ ដើម្បីធ្វើការកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី៕