រាជធានីភ្នំពេញ ៖ យុវជន២ក្រុមដូចជាគ្មានរឿងអ្វីធំដុំផង ស្រាប់តែដេញវាយគ្នាទៅវិញទៅមកដោយប្រើដុំថ្ម និងដែកបំពង់ទីប បណ្ដាលឲ្យភាគីម្ខាងរងរបួសរយះមុខម្នាក់ និងភាគីម្ខាងទៀតរត់ចោលម៉ូតូ១គ្រឿ បង្កការភ្ញាក់ផ្អើលដល់កម្លាំងនគរបាលខណ្ឌមានជ័យចុះទៅជួយធ្វើអន្តរាគមន៍ភ្លាមៗ ប៉ុន្តែភាគីជនបង្កនាំគ្នាគេចខ្លួនបាត់អស់ បន្សល់ទុកតែជនរងគ្រោះដូចគ្នា នៅកន្លែងកើតហេតុ ។


ករណីហិង្សាខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១០យប់ ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ ទល់មុខអតីតរោងចក្រ ស៊ីឡាំងហួរ ផ្លូវ៣៧១ ភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមប្រភពពីភាគីម្ខាងដែលរងរបួស សុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា មុនពេលកើតហេតុ គាត់កំពុងធ្វើការក្នុងរោងចក្រ រួចក៏បានដើរចេញមកក្រៅ ដើម្បីទិញបារីជក់ លុះចេញមកដល់ខាងក្រៅ ស្រាប់តែមានមនុស្សមួយក្រុមបានដេញវាយគាត់ ដោយមិនដឹងមូលហេតុ ធ្វើឲ្យគាត់រងរបួសរយះមុខខាងឆ្វេង ។ ភ្លាមៗនោះគាត់បានរត់ទៅហៅគ្នីគ្នានៅក្នុងរោងចក្រ ឲ្យមកជួយ ។ លុះពេលចេញមក ភាគីបង្កបាននាំគ្នារត់គេចខ្លួនបាត់អស់ ដោយបន្សល់ទុកម៉ូតូធំ១គ្រឿង ក៏អូសយកមកដាក់នៅមុខរោងចក្រ តែម្តង ។


បើតាមប្រភពព័ត៍មានពីម្ចាស់ម៉ូតូធុនធំ ដែលក្រុមជនរងគ្រោះចោទថាជាក្រុមជនដៃដល់នោះ បានរៀបរាប់ប្រាប់សមត្ថកិច្ច និងប្រជាពលរដ្ឋថា ខ្លួនគេមិនមែនជាក្រុមជនដៃដល់នោះទេ ហើយគាត់ក៏ជាជនរងគ្រោះដែរ ហើយថា មុនពេលកើតហេតុ គាត់បានជិះម៉ូតូធុនធំមួយគ្រឿងម៉ាកយ៉ាម៉ាហា MSLAS មកទិញសាច់កាប់នៅមុខរោងចក្រខាងលើ ស្រាប់តែឃើញមានក្មេងស្ទាវមួយក្រុមកំពុងតែវាយគ្នា ហើយបានគប់ដុំថ្ម បណ្តាលឲ្យត្រូវម៉ូតូរបស់គាត់ ទើបគាត់ភ័យពេក ក៏ផ្តួលម៉ូតូចោល រត់យករួចតែខ្លួន ។ លុះពេលខ្លួនត្រលប់មករកម៉ូតូវិញ ស្រាប់តែឃើញម៉ូតូរបស់គាត់ត្រូវភាគីម្ខាងទៀត(រងគ្រោះ)អូសយកទៅទុកនៅមុខរោងចក្រ ទើបគាត់ទៅសុំឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍បឹងទំពុន២ ជួយធ្វើអន្តរាគមន៍ដើម្បីយកម៉ូតូមកវិញ ។


ភ្លាមនោះ កម្លាំងនគរបាលបានហៅភាគីទាំងសងខាង ទៅសាកសួរនៅប៉ុស្តិ៍នគរបាលបឹងទំពុន២ ដើម្បីសួររកខុសត្រូវ ។
ដោយភាគីទាំងសងខាងមិនចង់មានរឿងវែងឆ្ងាយ ក៏សុំសមត្ថកិច្ចសម្របសម្រួលគ្នាដោយគ្មានអ្នកណាប្តឹងអ្នកណានោះទេ ទើបសមត្ថកិច្ចឲ្យម្ចាស់ម៉ូតូធុនធំ ធ្វើកិច្ចសន្យានិងហៅអាណាព្យាបាលឲ្យមកធានា រួច អនុញាតឲ្យត្រឡប់ទៅផ្ទះវិញ ៕