ខេត្តកណ្ដាល៖ បុរសម្នាក់ជិះម៉ូតូក្នុងល្បឿនលឿន ចៃដន្យបុរសម្នាក់ទៀតដឹកគោឡើងមកពីបឹង ឆ្លងផ្លូវសំដៅមកផ្ទះមិនប្រយ័ត្ន អ្នកជិះម៉ូតូគេចមិនទាន់បុកគោ បណ្ដាលឲ្យដួលបោកនិងផ្លូវ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។ ករណីនេះ បានកើតឡើងនៅវេលាម៉ោង១៦ និង១០នាទី ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ តាមណ្ដោយផ្លូវជាតិលេខ២១ ស្ថិតក្នុងភូមិត្រើយត្រឹង្ស ឃុំព្រែកអំបិល ស្រុកស្អាង ។


ជនរងគ្រោះ ឈ្មោះ ញិល ខុំ ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិព្រែកតាទាវ ឃុំព្រែកអំបិល ស្រុកស្អាង បើកបរម៉ូតូម៉ាកហុងដាវ៉េវ ពណ៌ក្រហម គ្មានស្លាកលេខ ។ ចំណែកឯម្ចាស់គោឈ្មោះ ប៉ឹង ហាំ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិត្រើយត្រឹង្ស ឃុំព្រែកអំបិល ស្រុកស្អាង ។
មុនពេលកើតហេតុ គេឃើញម្ចាស់គោឈ្មោះ ប៉ឹង ហាំ បានដឹកគោរបស់ខ្លួនឡើងមកពីបឹង ត្រឡប់មកផ្ទះវិញ ដោយដឹកតាមបណ្ដោយផ្លូវជាតិលេខ២១ លុះដឹកមកដល់ចំណុចកើតហេតុ ម្ចាស់គោបានបណ្ដើរគោឆ្លងផ្លូវក្នុងទិសដៅពីលិចទៅកើត ស្រាប់តែជនរងគ្រោះជិះម៉ូតូដោយល្បឿនលឿនពុំបានប្រុងប្រយ័ត្នផងនោះ ក៏បានជ្រុលទៅបុកគោដែលកំពុងឆ្លងផ្លូវនោះ បណ្ដាលឲ្យដួលបោកក្បាលទៅ និងផ្លូវស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។


ក្រោយពេលហេតុការណ៍ សមត្ថកិច្ចនគរបាលចរាចរណ៍ស្រុក បានចុះទៅពិនិត្យវាស់វែង រួចបញ្ជាក់ថា ករណីនេះបង្កឡើងដោយអ្នកដឹកគោឆ្លងថ្នល់ ហើយអ្នកបើកបរម៉ូតូ មានការធ្វេសប្រហែស ខ្ជីខ្ជា ខ្វះការប្រុងប្រយ័ត្ន ទើបបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងបែបនេះ ។ បន្ទាប់មក សមត្ថកិច្ចបានប្រគល់សពឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។
ចំណែក ម៉ូតូបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដោយឡែកសត្វគោ ត្រូវបានសមត្ថកិច្ចធ្វើកិច្ចសន្យាជាមួយម្ចាស់ឲ្យមើលថែជាបណ្ដោះអាសន្នសិន ៕