រាជធានីភ្នំពេញ ៖ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន នាំស្វាយចេញទៅក្រៅប្រទេសម្នាក់ ត្រូវដៃគូបោកលុយជិត ៩០ម៉ឺនដុល្លារ ក្រោមរូបភាពដាក់ទុនវិនិយោគរួមគ្នា ហើយជនឆបោកបានព្យាយាមគេចវេះ មិនព្រមចូលខ្លួនមកដោះស្រាយជាមួយជនរងគ្រោះឡើយ ទើបជនរងគ្រោះសម្រេចចិត្តប្តឹងសមត្ថកិច្ចជួយអន្តរាគមន៍តែម្តង។


ជនឆបោកដែលរងការប្តឹងនេះមានឈ្មោះ ជា សុវណ្ណនី ហៅ ហួត សុវណ្ណនី អាយុ៣៧ឆ្នាំ បច្ចុប្បន្នផ្ទះជួលម្តុំវត្តទួល ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ។ ចំណែក ជនរងគ្រោះជាដើមបណ្តឹងមានឈ្មោះស៊ុន សុភ័គ្រ ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន ស៊ី.អេ.ប៊ី (ខេមបូឌា) ត្រូវជនសង្ស័យឆកបោកយកប្រាក់អស់ជាង៨៨ម៉ឺនដុល្លារ ។


នៅក្នុងពាក្យបណ្តឹង ជនរងគ្រោះបានសុំឱ្យសមត្ថកិច្ចចាត់វិធានការផ្លូវច្បាប់ឱ្យបានម៉ឺងម៉ាត់លើឈ្មោះ ជា សុវណ្ណនី និងទាមទារប្រាក់មកវិញត្រឹមតែ៦០ម៉ឺនដុល្លារ និងទាមទារសំណងជំងឺចិត្តចំនួន ១០ម៉ឺនដុល្លារ។
ជុំវិញនឹងការចោទប្រកាន់ខាងលើនេះ «KBN» មិនសុំការបកស្រាយពីលោកជា សុវណ្ណនី បាននោះទេ តែយ៉ាងណា យើងរង់ចាំការបំភ្លឺពីគ្រាប់ភាគីពាក់ទាំងអស់៕