ខេត្តបាត់ដំបង ៖ កាលពី​ថ្ងៃ​ទី​៥ ធ្នូ ២០១៩ ក្រុម​អ្នកលេង​តុងទីន មាន​ប្រុស​-​ស្រី​ជាង​១០០​នាក់ នាំ​គ្នា​មក​មុខ​សាលាដំបូង​ខេត្តបាត់ដំបង ដើម្បី​ប្ដឹង​សុំ​ឲ្យ​តុលាការ​ជួយ​អន្តរាគមន៍ រឿង​មេ​តុងទីន​បោក​លុយ​ក្នុង​ម្នាក់​ៗ អស់​រាប់​លាន​រៀល ដែល​គិត​សរុប​ជាង​៧០០​លាន​រៀល ក្រោយ​ពី​កម្លាំង​អាវុធហត្ថ​ខេត្ត​ចាប់ខ្លួន​មេ​តុងទីន​នោះ បាន ២​ថ្ងៃ​រួច​មក​។​

​អ្នកលេង​តុងទីន​ម្នាក់ ប្រាប់​អោយ​ដឹង​ថា ពួក​គាត់​មក​ពី​ភូមិ​ផ្សេង​ៗ​គ្នា តែ​នៅ​ក្នុង​ឃុំ​ស្នឹង​ស្រុក​បាណ​ន់ ហើយ​មេ​តុងទីន​មានឈ្មោះ រស់ បូ​រិ​ន ហៅ​គ្រូ​នី អាយុ​៤៩​ឆ្នាំ មុខរបរ​គ្រូបង្រៀន និង​រស់នៅ​ភូមិ​ស្នឹង​កើត ឃុំ​ស្នឹង ស្រុក​បាណ​ន់ និង​ប្រពន្ធ​ឈ្មោះ ណែម ផល អាយុ​៤៨​ឆ្នាំ បាន​កើប​ប្រាក់​តុងទីន​ជាង​៧០០​លាន​រៀល រត់​តែ​ត្រូវ​កម្លាំង​អាវុធហត្ថ​ចាប់​បាន​ប្ដី (​រស់ បូ​រិ​ន​) ២​ថ្ងៃ​បន្ទាប់​ពី​រត់គេច​ខ្លួន ។​

កូន​មេ​តុងទីន​មួយ​ចំនួន បាន​និយាយ​ថា ពួក​គាត់​បានដឹង​តម្រុយ​មុន ពី​រឿង​មេ​តុងទីន វេច​លុយ​រត់​នេះ រៀបចំ​ផែនការ​រំដោះ​ប្រពន្ធ​កូន​ចេញពីផ្ទះ​ជាមួយនឹង​បង្វិច​ប្រាក់​រាប់រយ​លាន​រៀល​ផង ទើប​ពួក​គេ​នាំ​គ្នា​ដាក់​ពាក្យបណ្ដឹង ទៅ​អាវុធហត្ថ​ស្រុក​ឲ្យ​ជួយ​អន្តរាគមន៍​ភ្លាម​ៗ ហើយ​ឃាត់ខ្លួន​បាន​តែ​ប្តី ធ្វើ​គ្រូបង្រៀន រីឯ​ប្រពន្ធ​និង​កូន​រត់​អស់ ។ កូន​តុងទីន​ក្នុង​ម្នាក់​ៗ អស់ប្រាក់​យ៉ាងតិច​ក៏​៥​លាន​រៀល​ដែរ និង​ខ្លះ​ទៀត​អស់ពី​៥​ទៅ​៦០​លាន​រៀល ។​

ក្រុម​កូន​តុងទីន បាន​បញ្ជាក់​ថា គោលបំណង​ដែល​ពួក​គេ​នាំ​គ្នា​មក​មុខ​សាលាដំបូង​ខេត្ត គឺ​ទាមទា​ឲ្យ​មេ​តុងទីន​ឈ្មោះ រស់ បូ​រិ​ន ហៅ គ្រូ​នី សង​លុយ​ឱ្យ​ពួក​គេ​វិញ ព្រោះ​ម្នាក់​ៗ​អស់ប្រាក់​ច្រើន​ណាស់​។ អ្នកខ្លះ​អស់ទាំង​ប្លង់​ដីធ្លី​ទៀត​ផង ដោយសារ​តុងទីន ។​

ទោះជាយ៉ាងណា មេ​តុងទីន ឈ្មោះ រស់ បូ​រិ​ន អ្នក​សារព័ត៌មាន​យើង នៅមិន​ទាន់​សុំការបំភ្លឺបាននៅឡើយទេ ជុំវិញការចោទពីសំណាក់ក្រុម​កូន​តុងទីន​ ។​

​បើ​តាម​ព័ត៌មាន​ចុង​ក្រោយអោយដឹងថា មេ​តុងទីន​រូប​នេះ ​ត្រូវ​បាន​តុលាការ​ដោះ​លេង​វិញ​ហើយ នៅ​រសៀល​ថ្ងៃ​ទី​៥ ​ខែធ្នូ ។​ ​ក្រុម​អ្នក​តវ៉ា ​បាន​សំណូមពរ​សុំ​ឲ្យ​លោក​អភិបាលខេត្ត និង​លោក​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ជួយ​អន្តរាគមន៍​ដល់​ពួក​គាត់​ផង​៕