ភ្នំពេញ៖ផ្នែកការងារទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ ឬហៅថា “ណាហ្គាវើលដ៍បេះដូងសប្បុរស” ដែលមានការចូលរួម និងការឧបត្ថម្ភយូរអង្វែងដើម្បីជួយកសាងប្រទេសកម្ពុជា កាលពីពេលថ្មីៗនេះត្រូវបានទទួលស្គាល់ស្នាដៃ និងទទួលបានពានរង្វាន់អន្តរជាតិចំនួនពីរគ្រឿង។

នោះគឺជាពានរង្វាន់ Stevie® Awards ដ៏ល្បីល្បាញដែលពិធីប្រគល់ពានរង្វាន់ធុរកិច្ចអន្តរជាតិប្រចាំឆ្នាំលើកទី១៦ នេះត្រូវបានធ្វើឡើងក្នុងទីក្រុងវីណាប្រទេសអូទ្រីស។ ត្រូវបានចាត់ទុកជាពានរង្វាន់លំដាប់ពិភពលោកដែលមានតម្លៃស្មើនឹងពានរង្វាន់ Oscars ឬ Emmys ក្នុងវិស័យធុរកិច្ច និងសង្គម ពានរង្វាន់ទាំងពីរនេះត្រូវបានប្រគល់ជូនក្រុមហ៊ុនដែលមានការងារទំនួលខុសត្រូវសង្គមឆ្នើមប្រចាំឆ្នាំប្រចាំទ្វីបអាស៊ី ប្រទេសអូស្ត្រាលី និងប្រទេសណូវ៉ែលហ្សេឡង់។

នាយកគ្រប់គ្រងណាហ្គាវើលដ៍ លោក Pern Chen បានមានប្រសាសន៍ថា “ណាហ្គាវើលដ៍បេះដូងបេះដូងសប្បុរស ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៤ ក្នុងគោលបំណងផ្តល់ត្រឡប់ទៅវិញដល់សហគមន៍ និងបរិស្ថានក្នុងប្រទេសកម្ពុជា។ យើងមានការប្តេជ្ញាចិត្តយូរអង្វែងក្នុងការជួយកសាងប្រទេសកម្ពុជា។ ការឈ្នះពានរង្វាន់ Stevie® Awards នេះ គឺជាស្នាដៃ និងប្រវត្តិសាស្ត្រមួយទៀតរបស់យើងបន្ទាប់ពីយើងបានឈ្នះពានរង្វាន់ការងារទំនួលខុសត្រូវសង្គមសកល “Global CSR Awards” ក្នុងប្រទេសម៉ាឡេស៊ី និងពានរង្វាន់​សហគ្រាសដែលមានទំនួលខុសត្រូវសង្គមខ្ពស់ប្រចាំទ្វីបអាស៊ី “Asia Responsible Enterprise Awards (AREA)” នៅតៃវ៉ាន់”។

លោក Pern Chen បានបន្ថែមថា “យើងជឿជាក់ថា បុគ្គលិករបស់យើងអាចធ្វើឲ្យមានការផ្លាស់ប្តូរដោយពួកគេបានចំណាយពេលវេលា រួមនឹងកម្លាំងកាយចិត្តដើម្បីធ្វើឲ្យសហគមន៍ដែលយើងរស់នៅមានភាពប្រសើរជាងមុន។ ទឹកចិត្តសប្បុរសរបស់ពួកគេ បានបង្ហាញពីការស្រឡាញ់ប្រទេសរបស់ពួកគេ”។

ណាហ្គាវើលដ៍បេះដូងសប្បុរស បានឈ្នះពានរង្វាន់ Stevie® Award ប្រាក់ចំពោះ “កិច្ចជួយកសាងប្រទេសកម្ពុជាតាមរយៈក្រុមហ៊ុនណាហ្គាវើលដ៍”។ កិច្ចប្រឹងប្រែងដើម្បីជួយលើកកម្ពស់វិស័យអប់រំ ការផ្សារភ្ជាប់ជាមួយសហគមន៍ ការអភិវឌ្ឍវិស័យកីឡា និងការគាំពារបរិស្ថានរបស់ណាហ្គាវើលដ៍បេះដូងសប្បុរស​ បានធ្វើឲ្យមានការផ្លាស់ប្តូរគួរឲ្យកត់សម្គាល់នៅក្នុងសហគមន៍ទូទាំងប្រទេសកម្ពុជា ។ ស្នាដៃសំខាន់ៗកាលពីពេលថ្មីនេះរបស់ណាហ្គាវើលដ៍បេះដូងសប្បុរស រួមមាន ៖

  • ឧបត្ថម្ភសម្ភារសិក្សាដល់កុមារដែលមានជីវភាពខ្វះខាត ១១.៤០០ នាក់នៅតាមសាលារៀនជាង ៤០ ដើម្បីជួយឲ្យពួកគេស្វែងរក និងបញ្ចប់ការសិក្សា ព្រមទាំងបង្កើនបរិយាកាសសិក្សាប្រសើរជាងមុនតាមរយៈការជួសជុលហេដ្ឋារចនាសម្ព័ន្ធនៅតាមសាលារៀន។
  • បង្កើតសិក្ខាសាលាដើម្បីលើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពអគ្គិភ័យដល់សិស្សានុសិស្សប្រមាណ ១.៣៥០ នាក់នៅ ១១ សាលារៀន។
  • ឧបត្ថម្ភគាំទ្រដល់អង្គការ GoGo Cambodia ដើម្បីទទួលបានឯតទគ្គកម្មហ្គីណេសពិភពលោកដោយបានជួយត្បាញក្រមាប្រវែង ១.១៤៩,៨ ម៉ែត្រដែលវែងជាងគេក្នុងពិភពលោក។
  • សហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកម្ពុជាដោយឧបត្ថម្ភសម្រាប់កីឡាកម្រិតមូលដ្ឋាន និងថ្នាក់ជាតិ និងជួយអត្តពលិកកម្ពុជាចូលរួមក្នុងព្រឹត្តិការណ៍កីឡាអន្តរជាតិ ដូចជា ព្រឹត្តិការណ៍កីឡាអូឡាំពិក ព្រឹត្តិការណ៍កីឡាទ្វីបអាស៊ី និងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ព្រមទាំងផ្តល់រង្វាន់ដល់អត្តពលិកដែលបានយកមេដាយមកជូនជាតិ។
  • លុបបំបាត់បំពង់បឺតប្លាស្ទិកដែលប្រើម្តងចោលពីក្រុមហ៊ុនដែលជួយលុបបំបាត់ការប្រើប្រាស់បំពង់បឺតប្លាស្ទិកប្រមាណ ៤ លានដើមក្នុងមួយឆ្នាំ។
  • លើកកម្ពស់ការយល់ដឹងអំពីបរិស្ថាន ៣R (កាត់បន្ថយ ប្រើប្រាស់ឡើងវិញ និងកែច្នៃឡើងវិញ) និងការគ្រប់គ្រងសំរាម។
  • ដាំកូនឈើ ១.០០០ ដើមនៅតាមទីធ្លាសាលារៀនទូទាំងប្រទេសកម្ពុជា និងផ្តល់សិក្ខាសាលាដល់សិស្សានុសិស្សដើម្បីជួយលើកកម្ពស់ការយល់ដឹងអំពីបរិស្ថានដោយសហការជាមួយក្រសួងបរិស្ថាន ក្រសួងអប់រំ យុវជន និងកីឡា សាលារាជធានីភ្នំពេញ និងស្ថាប័នពាក់ព័ន្ធជាច្រើនទៀត។

 

ក្នុងពេលដំណាលគ្នានេះដែរ ណាហ្គាវើលដ៍ក៏បានឈ្នះពានរង្វាន់ Stevie® Award សំរឹទ្ធិផងដែរចំពោះកិច្ចជួយអភិវឌ្ឍយុវជន និងកីឡានៅកម្ពុជាតាមរយៈកម្មវិធីអភិវឌ្ឍកីឡាបាល់ទាត់ក្នុងខេត្តកំពង់ស្ពឺ។ គម្រោងរយៈពេល ២ ឆ្នាំនេះ មានគ្រូកីឡា ១២០ នាក់មកពី ៩៤ សាលារៀនទូទាំងខេត្តកំពង់ស្ពឺ បានទទួលការបណ្តុះបណ្តាលជំនាញបង្ហាត់កីឡាបាល់ទាត់អាជីព និងទទួលបានការឧបត្ថម្ភសម្ភារកីឡាដើម្បីសិស្សានុសិស្សយកទៅហ្វឹកហាត់នៅតាមសាលារៀនរបស់ពួកគេផងដែរ។ កម្មវិធីអភិវឌ្ឍកីឡាបាល់ទាត់នេះ បានផ្តល់ប្រយោជន៍ដល់សិស្សានុសិស្សជាង ១៨.៥០០ នាក់ ខណៈមានការរៀបចំការប្រកួតបាល់ទាត់យ៉ាងទៀងទាត់ផងដែរដើម្បីបង្កើនជំនាញលេងបាល់ទាត់ និងស្វែងរកយុវជនឆ្នើមដើម្បីចូលក្រុមជម្រើសជាតិកម្ពុជា។

 

សូមបញ្ជាក់ផងដែរថា អង្គភាពជាច្រើនមកពី ៧៤ ប្រទេសបានដាក់ពាក្យសុំប្រមាណ ៤.០០០ ច្បាប់ ដើម្បីទទួលបានពានរង្វាន់ធុរកិច្ចអន្តរជាតិសម្រាប់ឆ្នាំនេះ ខណៈមាននាយកប្រតិបត្តិ សហគ្រិន ក្រុមហ៊ុន និងសាស្ត្រាចារ្យធុរកិច្ចល្បីៗលំដាប់ពិភពលោកជាង ២៥០ នាក់ និងក្រុមហ៊ុនបានរួមគ្នាដាក់ពិន្ទុដើម្បីស្វែងរកអង្គភាពដែលបំពេញគ្រប់លក្ខខណ្ឌដើម្បីឈ្នះពានរង្វាន់ Stevie® Award​ ។

កម្មវិធីការងារសង្គមដែលកំពុងបន្ត និងប្រកបដោយនិរន្តរភាពរបស់ណាហ្គាវើលដ៍បេះដូងសប្បុរស បានធ្វើឲ្យជីវិតរបស់កុមារ និងសមាជិកគ្រួសាររបស់ពួកគេប្រមាណ ២០៤.០០០ នាក់បានប្រសើរឡើងមកដល់បច្ចុប្បន្ន។ ការជួយកសាងប្រទេសជាតិរបស់ណាហ្គាវើលដ៍បេះដូងសប្បុរស បានទទួលការកត់សម្គាល់យ៉ាងខ្លាំងពីគណៈកម្មការ រួមមាន “យុទ្ធសាស្ត្រខ្លាំងលើវិស័យសំខាន់ៗ” “គម្រោងដែលមានលក្ខណៈពិសេសសម្រាប់សហគមន៍ទូទាំងប្រទេស” និង “ការស្ម័គ្រចិត្តរបស់បុគ្គលិកទៅកាន់សហគមន៍”។