ស្រាវជ្រាវដោយឈឹម សេរីភួន ៖

ក្រោយមក ដោយសារមានជំនួយពីពួកវៀតមិញ ប៉ាច ឈឺន និងចៅ សែនកុសល ដែលរត់គេចខ្លួនដោយសារតែខ្លាចបារាំងចាប់ កាលពីចុងខែតុលា ឆ្នាំ១៩៤៥នោះ ក៏មានលទ្ធភាពបង្កើតចលនាតស៊ូខ្មែរឥស្សរៈមួយនៅតាមបណ្តោយព្រំដែនវៀតណាម -កម្ពុជា ដើម្បីប្រឆាំងនិងបារាំង បន្តទៀត ។

លោក ចៅ សែនកុសល

ប៉ាច ឈឺន បានប្រកាសថា មានបងប្អូនខ្មែរកម្ពុជាក្រោមចំនួន៦០០០នាក់ បានចូលរួមគាំទ្រក្នុងចលនាតស៊ូរបស់គាត់ ហើយមានយុវជនជាច្រើនរយនាក់បានស្ម័គ្រចិត្តចូលបម្រើជាកងទ័ពក្នុងចលនាតស៊ូរបស់គាត់ទៀតផង។ ប៉ុន្តែ៤ខែក្រោយមក កងទ័ពបារាំង បានចូលទៅកាន់កាប់តំបន់ព្រំដែននោះដូចមុនជាថ្មីម្តងទៀត ចលនាតស៊ូរបស់ប៉ាច ឈឺន ក៍ត្រូវបានរលាយទៅវិញបន្តិចម្តងៗដែរ ។

លោក ហូ ជីមិញ

នៅក្នុងខែកុម្ភៈ ឆ្នាំ១៩៤៦ ចៅ សែនកុសល ជាអតីតចៅហ្វាយខេត្តកំពង់ចាម ដែលរត់ចូលព្រៃជាមួយប៉ាច ឈឺន នោះដែរ ក៏សម្រេចចិត្តសុំចុះចូលជាមួយបារាំង វិញ។ ចំណែកប៉ាច ឈឺន វិញ ដោយសារចលានាតស៊ូរបស់គាត់ត្រូវរលាយបន្តិចម្តងៗនិងអាក់អន់ចិត្តចំពោះកងទ័ពវៀតមិញ ដែលគាត់ស្នើសុំឲ្យបើកការវាយប្រហារទៅលើក្រុងភ្នំពេញ តែពួកវៀតមិញ មិនព្រមធ្វើតាមការស្នើសុំនោះ ប៉ាច ឈឺន ក៏សម្រេចចិត្តសុំចុះចូលជាមួយបារាំង នៅក្នុងខែមេសា ឆ្នាំ១៩៤៦ នោះដែរ។ ចំណែកអ្នកដែលមិនព្រមចុះចូលជាមួយបារាំង មួយចំនួនទៀត ក៏បានចូលទៅរួមរួមតស៊ូជាមួយពួកវៀតមិញ បន្តទៀត។

ចលនាតស៊ូវៀតមិញ

ឯពួកវៀតមិញ ក៏មានគម្រោងបញ្ជូនជនជាតិវៀតណាម ដែលប្រឆាំងនឹងបារាំង រត់គេចខ្លួនពីទីក្រុងភ្នំពេញ និងខេត្តនានានោះឲ្យត្រឡប់ទៅធ្វើសកម្មភាពនៅកន្លែងដើមរបស់ពួកគេវិញដែរ ។ ចំណែកអតីតអ្នកដឹកនាំធ្វើរដ្ឋប្រហារនៅក្នុងព្រះបរមរាជវាំងទាំង៧នាក់ កាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ១៩៤៥នោះ មានម្នាក់ឈ្មោះ ហែម សាវ៉ាង បានរត់ចូលព្រៃ ដើម្បីធ្វើការតស៊ូបន្តទៀតក៏ពិតមែន តែគាត់មិនទៅចូលរួមជាមួយពួកវៀតមិញទេ គឺគាត់ទៅចូលរួមជាមួយចលនាតស៊ូខ្មែរឥស្សរៈនៅភាគខាងលិចប្រទេស ដែលនៅទីនោះ គាត់បានជួប ម៉ី ផូ ដែលធ្លាប់រួមគ្នាធ្វើរដ្ឋប្រហារនៅក្នុងព្រះបរមរាជវាំងនោះដែរ។

នាយករដ្ឋមន្ត្រីថៃ ព្រីឌី ផាណុំយ៉ុង

ចលនាតស៊ូខ្មែរឥស្សរៈភាគខាងលិចប្រទេសនោះ ស្ថិតនៅក្រោមការជួយឧបត្ថម្ភគាំទ្ររបស់នាយករដ្ឋមន្ត្រីថៃ ឈ្មោះ ព្រីឌី ផាណុំយ៉ុង ដែលធ្លាប់សហការជាមួយកងទ័ពជប៉ុន និងមានទំនាក់ទំនងការទូតជាមួយរបបសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម របស់ហូ ជីមិញ ។
ប៉ុន្តែនៅក្នុងខែវិច្ឆិកា ឆ្នាំ១៩៤៧ ក្រោយឧត្តមសេនីយ៍ វិបុល សង្គ្រាម បានធ្វើរដ្ឋប្រហារផ្ដួលរំលំរដ្ឋាភិបាលព្រីឌី ផាណុំយ៉ុង មក ទំនាក់ទំនងការទូត រវាងថៃ និងរបបសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម នោះ ត្រូវបានបញ្ចប់ដែរ ៕

ឧត្តមសេនីយ៍ វិបុល សង្គ្រាម