ហ្វី​លី​ពី​ន ៖ ពិតជារំភើប​ណាស់! ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​អាយុ​ក្រោម​២២​ឆ្នាំ​កម្ពុជា បាន​យកឈ្នះ​ម៉ា​ឡេ​ស៊ី ៣-១ នា​ការ​ប្រកួត​ចុង​ក្រោយ​នៅ​ក្នុង​ពូ​ល A នៃ​ព្រឹត្តិការណ៍​កីឡា SEA Games 2019 នៅ​ប្រទេស​ហ្វី​លី​ពី​ន ខណៈ​ម្ចាស់ផ្ទះ​ហ្វី​លី​ពី​ន​ឈ្នះ​ទី​ម័​រ​ខាងកើត ៦-១ ។​

​លទ្ធផល​នេះ នាំ​ឲ្យ​កម្ពុជា​ឡើង​ទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ជា​ប្រវត្តិសាស្ត្រ ដែល​មិន​ធ្លាប់​មាន ក្នុង​រយៈពេល​៦០​ឆ្នាំ នៃ​ព្រឹត្តិការណ៍​ប្រចាំ​តំបន់​អាស៊ាន​នេះ ។​

​នា​រសៀល​ថ្ងៃ​ពុធ ទី​០៤ ខែធ្នូ ឆ្នាំ​២០១៩ នេះ​ក៏​ជា​ជំនួប​ដ៏​តានតឹង​បំផុត​ផង​ដែរ ដ្បិត​ទាំង​កម្ពុជា និង​ម៉ា​ឡេ​ស៊ី សុទ្ធតែ​មាន ៤​ពិន្ទុ​ស្មើគ្នា ក្រោយ​ឆ្លងកាត់​៣​ប្រកួត ឈ្នះ​១ ស្មើ​១ និង​ចាញ់​១ ដូច​គ្នា ហើយ​ស្រប​ពេល​ក្រុម​ម្ចាស់ផ្ទះ U22 ហ្វី​លី​ពី​ន ក៏​មាន​៤​ពិន្ទុ​ទាមទារ​ឈ្នះ​ដូច​គ្នា ។ ថ្វីបើ ក្រុម U22 កម្ពុជា បាន​បញ្ចប់​ត្រឹម​ចំណាត់ថ្នាក់​លេខ​២​ក្នុង​ពូ​ល​A​ក្តី ប៉ុន្តែ​មាន​៧​ពិន្ទុ ស្មើ​ក្រុម​ម្ចាស់ផ្ទះ​ហ្វី​លី​ពី​ន ដែរ ប៉ុន្តែ​កម្ពុជា​មាន​គ្រាប់​បាល់​ចំណេញ​ច្រើន​ជាង ទើប​ក្រុម U22 កម្ពុជា និង​ក្រុម​កំពូល​តារាង U22 មី​យ៉ា​ន់​ម៉ា បាន​ដឹក​ដៃ​គ្នា​ឡើង​ទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ។​

​នៅ​កីឡដ្ឋាន Rizal Memorial នាទី​ក្រុង​ម៉ានីល សម្រាប់​វគ្គ​ទី​១ ក្រុម​ទាំង​ពីរ​មិន​អាច​បំប៉ោង​សំណាញ់​ទី​គ្នា​បាន​ឡើយ ប៉ុន្ដែ​នៅ​វគ្គ​ទី​២ កីឡាករ​កម្ពុជា អ៊ិ​ន សូ​ដា​វី​ដ បាន​ស៊ុត​បាល់​បញ្ចូល​ទី នៅ​នាទី ទី​៥៦ ហើយ​២​នាទី​ក្រោយមក សៀង ច​ន្ធា បន្ថែម​គ្រាប់​ទី​ពីរ បន្ទាប់​មក នៅ​នាទី ទី​៦៧ កែវ សុខ​ផេង បាន​ស៊ុត​បាល់​បញ្ចូល​ទី​គ្រាប់​ទី​៣ ចប់​ការ​ប្រកួត U22 កម្ពុជា ឈ្នះ U22 ម៉ា​ឡេ​ស៊ី ៣-១ ៕