រាជធានីភ្នំពេញ ៖ នៅថ្ងៃស្អែកនេះ គឺថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩ យុវជនអច្ឆរិយ ហុង ភារិន នឹងចូលរួមប្រកួតកម្មវិធីចងចាំលំដាប់ពិភពលោកលើកទី២៨ ឬ «The 28th world memory championships» នៅប្រទេសចិន។


យោងតាមផេករបស់សមាគមនិស្សិតកម្ពុជា នៅប្រទេសចិន បានបង្ហោះរូបភាពរបស់ ហុង ភារិន ពេលទៅដល់ប្រទេសចិន ដោយភ្ជាប់ជាមួយសំណេរថា «ថ្ងៃច័ន្ទ ៦កើត ខែមិគសិរ ឆ្នាំកុរ ព.ស ២៥៦៣ ត្រូវនិងថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ ក្រោមការដឹកនាំពីសំណាក់លោក សាំង វិច្ឆមុនី កុងស៊ុលនៃស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំក្រុងឆុងឈីង ប្រទេសចិន និងនិស្សិតកម្ពុជានៅក្រុងអ៊ូហាន បានទទួលស្វាគមន៍ និងចូលរួមលើកទឹកចិត្តប្អូនប្រុស ហុង ភារិន (និសិត្សខ្មែរដែលបានចូលរួមប្រកួតប្រជែងកម្មវិធីល្បងប្រាជ្ញាsuper 100នៅប្រទេសថៃ) ដែលប្អូន ហុង ភារិន នឹងមកធ្វើការប្រកួតកម្មវិធីប្រកួតការចងចាំ លំដាប់ពិភពលោកលើកទី២៨ (The 28th world memory championships) ដែលមានការចូលរួមពីបេក្ខជនប្រមាណជាង៥០០នាក់ ពីប្រទេសជាច្រើនជុំវិញពិភពលោក។ កម្មវិធីប្រកួតនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែធ្នូ ដល់ថ្ងៃទី៧ ខែធ្នូខាងមុខនេះ។ សូមជូនពរអោយប្អូនប្រុស ទទួលបានបានជោគជ័យក្នុងការប្រកួតប្រជែងនេះ»។


ក្រោយពីបង្ហោះសារបែបនេះ ប្រជាជនខ្មែរបាននាំគ្នាចែករំលែកពេញបណ្តាញសង្គម បង្ហាញពីការគាំទ្រ និងលើកទឹកចិត្តដល់យុវជនខ្មែររូបនេះឲ្យទទួលបានលិទ្ធផលល្អក្នុងការប្រកួតកម្មវិធីលំដាប់ថ្នាក់ពិភពលោកដ៏ធំមួយនេះ។ ដូច្នេះ យើងរង់ចាំអ៊ុតមើលទាំងអស់គ្នា នៅថ្ងៃស្អែកថាតើ យុវជន ហុង ភារិន អាចដណ្តើមបានជ័យលាភី ឬយ៉ាងណា៕