ស្រាវជ្រាវដោយ ឈឹម សេរីភួន ៖

ពេលបារាំងត្រឡប់មកវិញ ព្រះមហាក្សត្រនរោត្តម សីហនុ ដែលបានប្រកាសរំលាយចោលសនិ្ធសញ្ញាខ្មែរបារាំង ឆ្នាំ១៨៦៣ និងឆ្នាំ ១៨៨៤ ដែលឡាយព្រះហត្ថលេខាដោយព្រះមហាក្សត្រនរោត្តម ជាព្រះអយ្យកាព្រះអង្គ ហើយបានប្រកាសថា ចក្រភពព្រះអាទិត្យ(ប្រទេសជប៉ុន) បានមកជួយរំដោះប្រជាជនអាស៊ី ពិសេសបានផ្តល់ឯករាជ្យឲ្យប្រទេសកម្ពុជា រួចផុតពីកណ្តាប់ដៃរបស់ពួកអាណានិគមនិយមបារាំងនោះ ព្រះអង្គបានប្រើវិធីលួងលោមឲ្យបារាំង យល់ហេតុផលថា យើងសុទ្ធតែជាប្រទេសក្រីក្រតោកយ៉ាកខ្លាំងណាស់ ដើម្បីផ្គត់ផ្គង់សេចក្តីត្រូវការផ្សេងៗ ឬដើម្បីការពារប្រទេស យើងត្រូវតែរេទៅតាមសភាពការណ៍ជាក់ស្តែង ព្រោះយើងជាប្រជាជាតិមួយដែលមានប្រជាជនតែ៣លាននាក់ ហើយស្ថិតនៅចន្លោះប្រទេសសៀម ដែលមានប្រជាជន១២លាននាក់ និងប្រទេសវៀតណាម មានប្រជាជន២០លាននាក់។

ព្រះមហាក្សត្រនរោត្តម សីហនុ និងមន្រ្តីជាន់ខ្ពស់បារាំង

ឯពួកបារាំង ក៏បានដឹងច្បាស់តាមរយៈឃឹម ទិត ដែរថា ព្រះមហាក្សត្រនរោត្តម សីហនុ គឺជាអ្នកស្នើសុំឲ្យបារាំង ត្រឡប់មកកម្ចាត់ពួក សឺង ង៉ុកថាញ់ ដែលជាមនុស្សសិទ្ធនឹងជប៉ុន និងឲ្យបារាំង មកគ្រប់គ្រងប្រទេសកម្ពុជា វិញ។
នៅទីបំផុត បារាំងនៅតែរក្សាសម្តេចព្រះនរោត្តម សីហនុ ជាព្រះមហាក្សត្រនៃប្រទេសកម្ពុជា ដដែល។
នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ១៩៤៥ បារាំងបានរៀបចំសមាសភាពរាជរដ្ឋាភិបាលថ្មីមួយ ដោយមានព្រះអង្គម្ចាស់ ស៊ីសុវត្ថិ មុនីរ៉េត ជានាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងក្រសួងមហាផ្ទៃ ជារដ្ឋមន្ត្រីក្រសួងការពារជាតិ ទៀតផង ,ព្រះអង្គម្ចាស់ស៊ីសុវត្ថិ មុនីពង្ស ជារដ្ឋមន្ត្រីក្រសួងកិច្ចការបរទេស និងអប់រំជាតិ , ចាន់ ណាក ជារដ្ឋមន្ត្រីក្រសួងយុតិ្តធម៌ , ឃឹម ទិត ជារដ្ឋមន្ត្រីក្រសូងសុខាភិបាលសាធារណការ និងទូរគមនាគមន៍ , ស៊ុម ហៀង ជារដ្ឋមន្ត្រីក្រសួងធម្មការ ពុទ្ធិកសិក្សា និងវិចិត្រសិល្បៈ និង វ៉ា កាម៉ែល ជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ។

ព្រះមហាក្សត្រនរោត្តម សីហនុ

នៅថ្ងៃទី០៤ ខែមករា ឆ្នាំ១៩៤៦ បារាំងបានធ្វើសម្បទានឲ្យមានការចុះហត្ថលេខាលើអនុសញ្ញាបារាំង ខ្មែរ បញ្ចប់ភាពជាអាណាព្យាបាលមកលើប្រទេសខ្មែរជាផ្លូវការ ដោយបានប្រគល់ស្វ័យភាពខាងកិច្ចការរដ្ឋបាលឲ្យខ្មែរវិញ ដោយគ្រាន់តែតម្រូវឲ្យមានមន្ត្រីបារាំងម្នាក់ធ្វើជាទីប្រឹក្សានៅគ្រប់ទីស្តីការរដ្ឋមន្ត្រី និងនៅគ្រប់ខេត្តប៉ុណ្ណោះ និងបានសន្យាឲ្យប្រទេសកម្ពុជាមានរដ្ឋធម្មនុញ្ញមួយ តាមបែបលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្សទៀតផង ដោយមិនឲ្យប្រទេសកម្ពុជា ស្ថិតនៅក្រោមការគ្រប់គ្រងរបស់បារាំងទាំងស្រុងដូចពីមុនទៀតទេ គឺកម្ពុជាជាសមាជិកសហភាពបារាំង ដែលមានប្រទេសផ្សេងៗទៀត ជាអតីតប្រទេសក្រោមអាណានិគមនិយមបារាំងទាំងអស់ ក៏ចូលរួមជាសមាជិកផងដែរ៕

ព្រះមហាក្សត្រនរោត្តម សីហនុ កាលឆ្នាំ១៩៤៧