រាជធានីភ្នំពេញ៖ បុរសអ្នករត់ម៉ូតូកង់បី២ក្រុម បានបើកប្រយុទ្ធវាយតប់គ្នាយ៉ាងស៊ីសាច់ហុតឈាម ព្រោះតែរឿងដណ្តើមម៉ូយគ្នា បណ្តាលឲ្យរងរបួសរយះក្បាលហូរឈាមកក្លាក់ ចំនួន២នាក់ ។ ករណីហឹង្សានេះ បានកើតឡើង កាលពីវេលាម៉ោង៧ និង៣០នាទី យប់ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩ ត្រង់ចំណុចស្តុបផ្សាអ៊ីអន២ តាមបណ្ដោយផ្លូវ១០០៣ កែងនឹងផ្លូវ១៩៩២ ក្នុងសង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ ។


ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរស២នាក់ បានបើកម៉ូតូកង់បី ម្នាក់១គ្រឿង មកចតនៅចំណុចកើតហេតុ ពេលនោះ ក្រុមអ្នករត់ម៉ូតូកង់បីផ្សេងទៀត ប្រហែលជា២០នាក់ មកប្រាប់ថា ពួកគេបានបង់បេនទីនេះ មិនឲ្យអ្នករត់កង់បីណាចូលមកចាប់ម៉ូយនៅទីនេះទេ ហើយក៏បានដេញបុរសរត់ម៉ូតូកង់២នាក់នោះឲ្យចេញ ទើបមានការទាស់សម្តីគ្នា យ៉ាងតឹងសរសៃក រហូតផ្ទុះជាអំពើហិង្សាវាយតប់គ្នាយ៉ាងស៊ីសាច់ហុតឈាម។ នៅទីបំផុត បុរសរត់ម៉ូតូកងបីមកពីក្រៅទាំង២នាក់ ត្រូវរងរបួសបែកក្បាលហូរឈាមកក្លាក់ ។


ក្រោយកើតហេតុ មានកម្លាំងសមត្ថកិច្ច ចុះមកអន្តរាគមន៍ ធ្វើការឃាត់ខ្លួន ជនបង្កចំនួន៣នាក់ និងដកហូតម៉ូតូកង់បីចំនួន៣គ្រឿង បញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីធ្វើការសាកសួរ និងចាត់ការតាមផ្លូវច្បាប់។ ចំណែកជនរងគ្រោះ ត្រូវបញ្ជូនទៅមន្ទីរពេទ្យ ព្យាបាលរបួស៕