ខេត្តកណ្តាល៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពលួចបេះផ្លែស្វាយគេ លុះពេលយកទៅដល់ត្រូវម្ចាស់ស្វាយតាមចាប់ក្របួចជាប់ ប្រគល់ឲ្យសមត្ថកិច្ចយកទៅចាត់ការតាមផ្លូវច្បាប់ កាលពីវេលាម៉ោង៥និង៣០នាទី ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុច ភូមិតាលន់ ឃុំតាលន់ ស្រុកស្អាង។
ជនសង្ស័យជាចោរលួចផ្លែស្វាយ មានឈ្មោះយី បារាំង ភេទប្រុស អាយុ២៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិតាលន់ ឃុំតាលន់ ស្រុកស្អាង ។ ដកហូតផ្លែស្វាយចំនួន៣បាវ មានទម្ងន់សរុប ១៣៤គីឡូក្រាម ។ ចំណែក ជនរងគ្រោះជាម្ចាស់ស្វាយ មានឈ្មោះ ជ្រូ គឹមស្រ៊ី ភេទប្រុស អាយុ៣៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិព្រែកតាប្រាក់ ឃុំតាលន់ ស្រុកស្អាង ។

សមត្ថកិច្ច បានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូឌុបកូនល្ហុងយកទៅដាំ លុះពេលទៅដល់ចំណុចដីស្វាយរបស់ខ្លួន ស្រាប់តែប្រទះឃើញជនសង្ស័យឌុបផ្លែស្វាយចេញពីចម្ការស្វាយរបស់ខ្លួន យ៉ាងប្រញាប់ប្រញាល់។ ពេលនោះ ជនរងគ្រោះក៏ជិះម៉ូតូតាមក្រោយក្រោយជនសង្ស័យរហូតដល់កន្លែងលក់ស្វាយ ក៏ចាប់ឃាត់ជនសង្ស័យ រួចទូរស័ព្ទប្តឹងទៅសមត្ថកិច្ចនគរបាលប៉ុស្តិ៍តាលន់ មកកន្លែងលក់ផ្លែស្វាយ តែត្រូវបានជនសង្ស័យគេចខ្លួន។ លុះនៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង១០និង៣០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាលន់ ក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យនាំមកសាកសួរតែម្តង។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនបានបេះស្វាយរបស់ជនរងគ្រោះមែន។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីចាត់ការតាមនីតិវិធី៕