រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​០៣ ខែធ្នូ ឆ្នាំ​២០១៩​នេះ លោក ធា​ម ច​ន្ទ័​ពិសិដ្ឋ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ឃុំខ្លួន​មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ​ខេត្តព្រៃវែង​ម្នាក់ ដាក់​ពន្ធនាគារ​រាជធានី​ភ្នំពេញ (PJ) បណ្ដោះអាសន្ន​ដើម្បី​រង់ចាំ​ការ​ការ​ក្តី​នៅ​ពេល​ក្រោយ​តាម​កំណត់​ច្បាប់ ព្រោះតែ​លេងល្បែង​ចាញ់​នៅ​កាស៊ីណូ បែកគំនិត​ប្លន់​រថយន្ត​របស់​ពលរដ្ឋ​បាន​សម្រេច ត្រូវ​សមត្ថកិច្ច​តាម​ចាប់ខ្លួន​បាន ។​

ជនសង្ស័យ​ឈ្មោះ ជុ​ត ជីវ​ន្ត័ អាយុ​២៧​ឆ្នាំ មាន​តួនាទី​ជា​មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ​នៅ​ខេត្តព្រៃវែង រស់នៅ​ភូមិ​បឹង​ព្រះ ស្រុក​បារ​ភ្នំ ខេត្តព្រៃវែង ។ ចំណែកឯ​ជន​រង​គ្រោះ​ឈ្មោះ ពុធ រិ​ទ្ធី អាយុ​៣៣​ឆ្នាំ រត់​តាក់​ស៉ី រស់នៅ​ភូមិ​ត្រពាំង​បុណ្យ ឃុំ​ព្រៃ​គគីរ ស្រុក​ច​ន្ទ្រា ខេត្តព្រៃវែង ។​

​ជន​ត្រូវ​ចោទ ជុ​ត ជីវ​ន្ត័ ត្រូវ​បាន​ឃាត់ខ្លួន​កាលពី​នៅ​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៩ ជាមួយ​វត្ថុ​តាង មាន​កាំភ្លើង​វែង ចំនួន​០៣​ដើម និង​រថយន្ត​ម៉ាក HILANDER ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ស្វាយ​រៀង 2B-4517 ជា​របស់​ជន​រង​គ្រោះ ចំនួន​១​គ្រឿង ។​

​យោង​តាម​របាយការណ៍​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​ថា កាល​វេលា​ម៉ោង​ប្រហែល​១​និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៩ ជនសង្ស័យ​ឈ្មោះ ជុ​ត ជីវ​ន្ត័ បាន​ចេញពី​លេងល្បែង​នៅ​ណា​ហ្គា​វើ​ល ជិះ​ម៉ូតូឌុប ទៅ​ច្បារ​អំពៅ ដើម្បី​ម៉ៅ​រថយន្ត ជិះ​ទៅ​ខេត្តព្រៃវែង ពេល​ទៅ​ដល់ ក៏​បានឃើញ​រថយន្ត​០១​គ្រឿង ម៉ាក​ហា​យ​ឡេ​ន​ដឺ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ 2B-4517
​ដែល​ម្ចាស់​រថយន្ត ជា​មនុស្ស​ធ្លាប់​ស្គាល់គ្នា ក៏​ជិះ​រថយន្ត ជូន​ទៅ​ខេត្តព្រៃវែង ។ ពេល​បើករថយន្ត​ដល់​ខេត្តព្រៃវែង ជនសង្ស័យ​បាន​ឲ្យ​ម្ចាស់​រថយន្ត​ឈប់​ចាំ​នៅ​ច្រក​ខាងកើត​ចូល​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង ដោយ​ជនសង្ស័យ ចូល​ទៅ​ក្នុង​បន្ទប់ដេក ក្នុង​ស្នងការដ្ឋាន រួច​យក​អាវុធ AK ស្វាយ​បត់​០១​ដើម ដាក់​ក្នុង​សាក់​កាដូ​ស្ពាយ​ក្រោយ ត្រឡប់​ចូល​រថយន្ត​វិញ ។ ហើយ​ឲ្យ​អ្នក​បើករថយន្ត​ជិះ​ត្រឡប់​ចូល​មក​ភ្នំពេញ​វិញ ។​

​បើ​តាម​របាយការណ៍​ដដែល អោយ​ដឹង​ថា ពេល​ជិះ​តាម​ផ្លូវ​មក​វិញ ជិត​ដល់​ក្រុងភ្នំពេញ ជនសង្ស័យ​រក​មើល​កន្លែង​ស្ងាត់ ដើម្បី​ធ្វើ​សកម្មភាព​ប្លន់ រហូត​មក​ដល់​ផ្លូវបំបែក​ចូល​រោងចក្រ​ថៃ​ហ្គ័​រ ក្នុង​សង្កាត់​ព្រែក​ឯង ។​

​ស្រាប់តែ​ជនសង្ស័យ​បាន​ឲ្យ​អ្នក​បើករថយន្ត ទៅ​តាម​រោងចក្រ​ថៃ​ហ្គ័​រ បាន​ប្រហែល​១​គីឡូម៉ែត្រ ក៏​ដក​អាវុធ​ពី​ក្នុង​សាក់​កាដូ ភ្ជង់​ម្ចាស់​រថយន្ត ឲ្យ​ចុះ រួច​ប្លន់​យក​កាបូប​លុយ​ជន​រង​គ្រោះ​ថែម​ទៀត ។​ រួច​ហើយ​ជនសង្ស័យ ជិះ​រថយន្ត​ចូល​ក្រុងភ្នំពេញ​វិញ តាម​ផ្លូវជាតិ​លេខ​១ មក​ចូល​ដេក​នៅផ្ទះ​សំណាក់ និង​យក​សាក​កាដូ និង​អាវុធ​ទុក​ក្នុង​បន្ទប់​ផ្ទះសំណាក់ រួច​ហើយ​ក៏​បើករថយន្ត​ដែល​ប្លន់​បាន ជិះ​ចូល​កាស៊ីណូ​ណា​ហ្គា​វើ​ល ។ រហូត​ដល់​ម៉ោង​ប្រហែល​០៨​ព្រឹក ជនសង្ស័យ​បាន​ពឹង​សន្តិសុខ​នៅ​ណា​ហ្គា​វើ​ល ឲ្យ​នាំ​មនុស្ស​ប្រុស​ម្នាក់​(​មិន​ស្គាល់​ឈ្មោះ​​)​មក​ទិញ​រថយន្ត​ក្នុង​តម្លៃ ១៤,០០០​ដុល្លារ ហើយ​ក៏​គេចខ្លួន​បាត់ ។​

​ក្រោយ​ពី​ទទួល​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ នៅ​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៩ សមត្ថកិច្ច​បាន​ដកហូត​រថយន្ត​ម៉ាក​ហា​យ​ឡេ​ន​ដឺ​ខាងលើ ពី​ឈ្មោះ យ៉ា​ន សំ​អុល នៅ​កន្លែង​លាង​ឡាន ម្តុំ​បឹង​ត្របែក​ស្ថិត​ក្នុង សង្កាត់​បឹង​ត្របែក ។​

​លុះដល់​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៩ វេលា​ម៉ោង​ប្រហែល​៨​យប់ ពេល​ដែល ជនសង្ស័យ​កំពុង​ស្នាក់​នៅផ្ទះ​ក្នុង​បុរី​ផុ​ន​ស៊ុ​យ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ក៏​ត្រូវ​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន យក​មក​ធ្វើការ​សាកសួរ​នៅ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​តែ​ម្តង ។ ក្រោយមក ត្រូវ​បញ្ជូន​ទៅ​តុលាការ​រាជធានី​ភ្នំពេញ រហូត​តុលាការ​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ (PJ) ៕