កំពង់ចាម ៖ លោក អ៊ុ​ន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម បាន​អនុញ្ញាត​ឲ្យ​ក្រុម​គណៈប្រតិភូ​របស់​ក្រុមហ៊ុន ខន​វេន​ធ័​រ ហូល​ឌី​ង គ្រុប (CONVENTER Holding Group) មក​ពី​ប្រទេស​ចិន ដែល​ជា​ក្រុមហ៊ុន​ឯកជន ផ្នែក​កែ​ច្នៃ​សំរាម​ទៅ​ជា​អគ្គិសនី ចូល​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ នៅ​សាលាខេត្ត​កំពង់ចាម នា​សៀ​ល​ថ្ងៃ​ទី​០២ ខែធ្នូ ឆ្នាំ​២០១៩ ។

ក្នុង​ជំនួប​នោះ លោក ជី ឈី​យី​ន ប្រធាន​ក្រុមហ៊ុន ខន​វេន​ធ័​រ ហូល​ឌី​ង គ្រុប បាន​ជម្រាប​អំពី​គោលបំណង​របស់​ក្រុមហ៊ុន​ថា ចង់​បង្កើត​រោងចក្រ​កែ​ច្នៃ​សំរាម ទៅ​ជា​ថាមពលអគ្គីសនី នៅ​ក្នុង​ខេត្តកំពង់ចាម ដោយហេតុ​ថា សំរាម​នៅ​ប្រទេស​កម្ពុជា នៅ​តែ​ជា​សំរាម​ដដែល ដោយ​ពុំ​មាន​កែ​ច្នៃ​ទៅ​ជា​អ្វី​ឡើយ វា​នៅ​តែ​បំពុលបរិស្ថាន​ដដែល ។

ប្រធាន​ក្រុមហ៊ុន អះអាង​ថា ក្រុមហ៊ុន​របស់​លោក ជា​ក្រុមហ៊ុន​ឯកជន​ធំ​មួយ ក្នុង​ប្រទេស​ចិន ដែល​ទទួល​ជោគជ័យ​ក្នុង​ការ​កែ​ច្នៃ​សំរាម បំប្លែង​ទៅ​ជា​ថាមពលអគ្គីសនី ដែល​មាន​បច្ចេកវិទ្យា​ពី​ប្រទេស​ជប៉ុន បច្ចុប្បន្ន​នេះ ក្រុមហ៊ុន​មាន​គម្រោង​ប្រមាណ​ជាង​២០០ នៅ​ជុំវិញ​ពិភពលោក ។

លោក ជី ឈី​យី​ន បន្ត​ថា ក្រុមហ៊ុន​ទទួល​ជោគជ័យ និង​បទ​ពិសោធន៍​ជា​ច្រើន ក្នុង​ការ​កែ​ច្នៃ​សំរាម ដូច​ជា​នៅ​ប្រទេស​វៀតណាម និង​ប្រទេស​ថៃ ហើយ​ពេល​នេះ លោក​មាន​បំណង​ចង់​បង្កើត​រោងចក្រ​កែ​ច្នៃ​សំរាម នៅ​ក្នុង​ប្រទេស​កម្ពុជា ពោល​គឺ​ក្នុង​ខេត្តកំពង់ចាម ។

បើ​តាម​លោក អ៊ុ​ន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម ក៏​បាន​សម្តែង​ការ​ស្វាគមន៍​ចំពោះ​ក្រុមហ៊ុន​ចិន​មួយ​នេះ ដែល​ជា​ក្រុមហ៊ុន​កែ​ច្នៃ​សំរាម ទៅ​ជា​អគ្គិសនី ព្រោះ​ការ​បង្កើត​រោងចក្រ​មួយ​នេះ​ក្នុង​ខេត្តកំពង់ចាម អាច​បម្រើ​ដល់​ជីវិត​រស់នៅ​របស់​ប្រជាពលរដ្ឋ និង​ធ្វើ​ឲ្យ​បរិស្ថាន​ក្នុង​ខេត្ត​ល្អ​ថែម​ទៀត​ផង ។

លោក​អភិបាលខេត្ត លើក​ឡើង​ថា នៅ​ក្នុង​ខេត្តកំពង់ចាម ជា​មធ្យម​សំរាម​ក្នុង​មួយ​ថ្ងៃ អាច​មាន​ប្រមាណ​ជាង​២៥០​តោន ដូច្នេះ​ប្រសិនបើ​ក្រុមហ៊ុន​មាន​បំណង​ដាក់​ទុន​វិនិយោគទុន​កែ​ច្នៃ​សំរាម ទៅ​ជា​អគ្គិសនី​បាន ពិតជា​ការ​ប្រសើរ​ណាស់ ដែល​ធ្វើ​ឲ្យ​បរិស្ថាន​ក្នុង​ខេត្ត​ល្អ និង​បាន​ផ្តល់​នូវ​ផា​សុខភាព​ជូន​ប្រជាពលរដ្ឋ ហើយ​ប្រជាពលរដ្ឋ​បាន​អគ្គិសនី​ប្រើប្រាស់​ថែម​ទៀត​៕