រាជធានីភ្នំពេញ៖ ក្រោយបានឃើញរូបថតតារាស្រីកញ្ញា មាន សូនីតា ពាក់ស្បែកជើងចូលទៅគាល់ព្រះមហាក្សត្រ ជាច្រើនសន្លឹកដែលនាងបង្ហោះមក មានមជ្ឈដ្ឋានមួយចំនួនបានរិះគន់ថាជាការមិនសមរម្យ ផ្ទុយពីច្បាប់នៃព្រះបរមរាជវាំងជាដើម។

ថ្មីៗនេះ តារាស្រីដ៏មានប្រជាប្រិយភាពកញ្ញា មាន សូនីតា មានឱកាស បានចូលទៅគាល់ និងថ្វាយក្រមាចំនួន ២០០០ ក្រមា ថ្វាយព្រះករុណាជាអម្ចាស់ជីវិតតម្លល់លើត្បូង និងសម្តេចព្រះវររាជមាតាជាតិខ្មែរ ដោយផ្ទាល់ ។

ស្រាប់តែមហាជនមួយចំនួន នាំគ្នារិះគន់មកលើរូបនាងជាខ្លាំង ក្រោយពីពួកគេសង្កេតឃើញថា តារាស្រីរូបនេះបានពាក់ស្បែកជើង ក្នុងរូបថតជាច្រើនសន្លឹកដែលនាងបង្ហោះ។

ប្រតិកម្មចំពោះការរិះគន់នេះ កញ្ញា មាន សូនីតា បានបង្ហោះសារឆ្លើយតប ភ្លាមៗវិញថា៖ មុនពេលចូលទៅគាល់ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះវររាជមាតាជាតិ មានពិធីការនៃព្រះបរមរាជវាំងណែនាំ និងរៀបចំជូនត្រឹមត្រូវគោរពតាមច្បាប់ក្បួន មិនឲ្យផ្ទុយពីច្បាប់នៃព្រះបរមរាជវាំងនោះឡើយ៕