រាជធានីភ្នំពេញ ៖ កាលពីម្សិញមិញ លោកផែង វណ្ណៈ បានយករូបមនុស្សប្រុសស្រីចំនួន៥នាក់ បង្ហោះលើបណ្តាញសង្គមហ្វេស ក្រោយពីអ្នកទាំង៥ បានធ្វើសកម្មភាពឆបោកប្រាក់ពីកម្មករ-កម្មការិនី ចំនួន៥នាក់ នៅខេត្តស្វាយរៀង។

លោកផែង វណ្ណៈ បានបង្ហោះរូបជនសង្ស័យទាំង៥នាក់ ភ្ជាប់ជាមួយសំណេរ កាលពី២៣ម៉ោងមុន មានខ្លឹមសារថា «រូបថតជនឆបោកទាំង៥នាក់ ដែលបោកប្រាស់កម្មករ កម្មការិនី៨នាក់ នៅខេត្តស្វាយរៀង ក្រោមរូបភាព ដាក់លុយបានការប្រាក់ខ្ពស់ ។

ជនរងគ្រោះបានប្ដឹងទៅ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង ជិតមួយឆ្នាំហើយ តែចំណាត់ការយឺតដូចកៅស៊ូ ។ សូមលោកព្រះរាជអាជ្ញាខេត្តស្វាយរៀង មេត្តាពិនិត្យ និងជួយរកយុត្តិធម៌អោយកម្មករ រងគ្រោះផង »។
សូមបញ្ជាក់ថា កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៩ ហ្វេសប៊ុករបស់លោកផែង វណ្ណៈ បានបង្ហោះសំណេរថា «កម្មករ កម្មការិនី៨នាក់ ប្ដឹងជនឆបោក៥នាក់ ទៅអយ្យការអមសាលាដំបូងខេត្តស្វាយរៀង តែចំណាត់ការយឺតដូចកៅស៊ូ។

កម្មករ កម្មការិនី សរុបចំនួន៨នាក់ បានអះអាងថា ពួកខ្លួនរងគ្រោះចាញ់បោក ស្ថាប័នមីក្រូ ហិរញ្ញវត្ថុ ឈ្មោះ បណ្ដាញកសិករ ឥណទានដើម្បីអភិវឌ្ឍន៍គ្រួសារ ឬ ក្រុមខ្ញុំស្ម័គ្រចិត្តសន្សំ ដើម្បីអភិវឌ្ឍន៍សហគមន៍ ដែលមានតំណាងឈ្មោះ ១- អុក សារុន ២- ស៊ិន សុខា ៣- ខាន់ សុភាព ៤- ខាន់ សុផាន្នី និង ៥- អុំ សាមួន អស់ទឹកប្រាក់សរុបចំនួន ៥០៤០១ ដុល្លារ អាមេរិក គិតចាប់តាំងពីឆ្នាំ ២០១៣-២០១៧ ។

កម្មករ កម្មការិនី បានរៀបរាប់នៅក្នុងបណ្ដឹងចុះថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០១៩ ឈ្មោះអ្នកទាំង ៥ ខាងលេីបាន សន្យាអោយការប្រាក់ខ្ពស់រហូតដល់ទៅ ២,៥%ចំពោះបងប្អូនណាដែលយកលុយទៅដាក់នៅ ស្ថាប័ន គ្រឹះស្ថានហិរញ្ញវត្ថុ របស់ពួកគេ ហើយចង់ដកដើម ឬការប្រាក់វិញ ពេលណាក៏បាន ។ ដោយមានការជឿទុកចិត្ត កម្មករ កម្មការិនី ដែលធ្វើការតាមរោងចក្រ បាននាំគ្នាយកប្រាក់ទៅដាក់នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនោះ ដើម្បីចង់បានការប្រាក់ខ្ពស់ ។ ប៉ុន្តែចាប់តាំងពីបងប្អូន កម្មករ កម្មការិនី យកលុយទៅដាក់ ហើយចង់ដកវិញ ពួកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនោះ មិនអោយដកលុយទាំងការទាំងដើម ហើយដេញអោយទៅប្ដឹងថែមទៀត ។

បន្ទាប់មក កម្មករ កម្មការិនី ទាំង៨នាក់ បានដាក់ពាក្យបណ្តឹងទៅ អយ្យការអមសាលាដំបូងខេត្តស្វាយរៀង ដែលមានលោកស៊ន មុនី ព្រះរាជអាជ្ញារង ជាអ្នកកាន់សំណុំរឿង ។ ប៉ុន្តែរហូតមកដល់ពេលនេះ មានរយះពេលជិត ១ ឆ្នាំហើយ ហាក់គ្មានចំណាត់ការទៅលើជនឆបោកទាំង៥ នាក់នោះសោះ ។ កម្មករ កម្មការិនី រងគ្រោះ បានសំណូមពរ ឯកឧត្តម រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ មេត្តាជួយអន្តរាគមន៍ រកយុត្តិធម៌ជូនពួកគាត់ផង »។
ជុំវិញនឹងការចោទប្រកាន់នេះ «KBN» មិនអាចសុំការបកស្រាយ ពីជនដែលរងការចោទប្រកាន់ទាំង៥នាក់ ខាងលើបានទេ តែយ៉ាងណា យើងរង់ចាំការបកស្រាយពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕