ខេត្តកំពង់ស្ពឺ៖ បុរសវ័យចំណាស់ម្នាក់កាន់ធុងស្ពេត្រូ ដើរទៅរកបាចត្រីនៅវាលស្រែ ស្រាប់តែគោមេមួយក្បាលទើបកើតកូន ហាក់ដូចជាមានគំនុំនឹងគ្នាពីពេលណា បានស្ទុះមកជល់ឲ្យដួល ហើយជាន់ពីលើក្បាលឲ្យរងរបួសធ្ងន់ ហើយស្លាប់យ៉ាងអាណោចអាធ័ម នៅពេលលើកដាក់លើគោយន្ដ បម្រុងដឹកយកទៅពេទ្យ ។
ហេតុការណ៍ដ៏កម្រនេះ បានកើតឡើងកាលពីវេលាម៉ោង១៤និង០៥នាទី ថ្ងៃចន្ទ ៦កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង១៤និង០៥នាទី ស្ថិតក្នុងភូមិដំបងវិញ ឃុំសង្កែសាទប ស្រុកឪរ៉ាល់ ។

ជនរងគ្រោះឈ្មោះ ម៉ៅ ហេង ភេទប្រុស អាយុ៦១ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ ។
ប្រភពពីក្រុមគ្រួសារបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានកាន់ធុងស្ពេត្រូ ទៅរកបាចត្រីនៅខាងក្រោយផ្ទះរបស់អ្នកភូមិជាមួយគ្នាម្នាក់ ឈ្មោះជួន នាង ។ ពេលដើរដល់ចំណុចកើតហេតុ ក៏មានគោញីមានកូនតូចមួយដែលម្ចាស់វាចងនៅក្នុងស្រែ បានស្ទុះមកជល់ឲ្យដួលហើយជាន់ពីលើ បណ្ដាលឲ្យរងរបួសយ៉ាងធ្ងន់ ។
ក្រោយពេលកើតហេតុ ក្រុមគ្រួសានិងអ្នកភូមិបានដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យ ភ្លាមៗដែរ តែជាអកុសលជនរងគ្រោះបានស្លាប់នៅពេលលើកដាក់លើគោយន្ដ បម្រុងដឹកយកទៅពេទ្យ ។

ករណីដោយកម្រនេះ សមត្ថកិច្ចជំនាញ និងនគរបាលប៉ុស្តិ៍សង្កែសាទប បានសហការគ្នាត្រួតពិនិត្យសាកសព រួចប្រគល់ឲ្យក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី ៕