ខេត្តបាត់ដំបង៖ សិស្សវិទ្យាល័យសំពៅលូន ចំនួន៣១នាក់ បានដួលសន្លប់ជាបន្តបន្ទាប់មិនដឹងមូលហេតុ ខណៈដែលពួកគេកំពុងរៀន បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៧ និង១០នាទព្រឹក ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩។

ប្រភពព័ត៌មាន បានឱ្យដឹងថា មុនពេលកើតហេតុ សិស្សសាលាបានចូលរៀនជាធម្មតា លុះដល់វេលាកើតហេតុ ស្រាប់តែពួកគេដួលសន្លប់ ជាបន្តបន្ទាប់ចំនួន៣១នាក់ ក្នុងនោះមានស្រី៣០នាក់ប្រុស១នាក់ ហើយពួកគេជាសិស្សរៀនថ្នាក់ទី១០និងទី១១ ត្រូវបានគេដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

ប្រភពពីខាងមន្ទីរពេទ្យ បានឲ្យដឹងថា តាមការពិនិត្យតាមដានសុខភាព និងតេស្តឈាម ពួកគេមានអាការ:ខ្វះជាតិស្ក ចុកដៃចុកជើង មានអារម្មណ៍តានតឹង មិនតែប៉ុណ្ណោះមិនបានទទួលទានអាហារពេលព្រឹកធ្វើឱ្យពួកគេខ្សោយកម្លាំង ទើបរងការដួលសន្លប់។ ក្រោយពីទទួលបានការព្យាបាល មកដល់រសៀលថ្ងៃ ក្មេងសិស្សសាលាទាំងនោះបានធូស្បើយចេញពីមន្ទីរពេទ្យទៅផ្ទះវិញខ្លះ គឺនៅសល់តែ១០នាក់ប៉ុណ្ណោះ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕