រាជធានី​ភ្នំពេញ ៖ លោក ហែម ដា​រិ​ទ្ធ អភិបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​បញ្ជាក់​ប្រាប់​អ្នក​សារព័ត៌មាន​តាម​ទូរស័ព្ទ​ថា ប្រជាពលរដ្ឋ​ប្រមាណ​១​ពាន់​នាក់ ធ្វើ​បាតុកម្ម​ទម្លាក់​ព្រះ​តេជគុណ សេង ថង ព្រះ​ចៅអធិការ​វត្ត​គោក​បញ្ជាន់ អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ មិន​ឯកភាព​តាម​ក្រុម​បាតុករ​នោះ​ទេ ព្រោះ​ការ​រៀបចំ​ទុកជា​មុន ដើម្បី​យក​ដី​វត្ត ។​

​លោក ហែម ដា​រិ​ទ្ធ បាន​អះអាង​ថា កម្លាំង​សមត្ថកិច្ច​ជំនាញ​ធ្វើការ​ស្រាវជ្រាវ​រក​ឃើញ​ថា​អ្នក​តវ៉ា​នេះ មិនមែន​ជា​ពលរដ្ឋ​រស់នៅ​ក្នុង​មូលដ្ឋាន​នេះ​ឡើយ ពោល​គឺជា​ក្រុម​ដែល​រៀបចំ​ឡើង ដើម្បី​ផល​ប្រ​យោ​ជ​ន៏ រឿង​ដីធ្លី​តែ​ប៉ុណ្ណោះ ។​

​លោក ហែម ដា​រិ​ទ្ធ បាន​បញ្ជាក់​ថា លោក​បាន​សុំ​គោល​ការ​ណ៏​ទៅ​អភិបាល​រាជធានី​ភ្នំពេញ​លោក ឃួ​ង ស្រេង ដើម្បី​សុំ​ការ​ការពារ និង​រៀបចំ​សណ្តាប់ធ្នាប់ បើ​មាន​ករណី​ក្រុម​តវ៉ា មិន​ច្បាស់លាស់​នេះ ត្រឡប់​មក​តវ៉ា​ម្តងទៀត​នៅ​ក្នុង​វត្ត គោក​បញ្ជាន់ ។​

​យោង​តាម​ប្រភព​ព័ត៌មាន​បាន​បញ្ជាក់​ថា ព្រះ​តេជគុណ សេង ថង ព្រះ​ចៅអធិការ​វត្ត​គោក​បញ្ជាន់ បាន​ទទូច​បិណ្ឌបាត​ដល់​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ជួយ​ពិនិត្យ​លើ​យោធា​ថ្នាក់ឧត្តម​សេនីយ៍​២​នាក់ និង​បក្ខពួក គឺ​ទី​១៖ លោក ហង្ស ប៊ុ​ន​ណា និង​ទី​២៖ លោក ហង្ស ប៊ុ​ន​ឡេ​ង និង​កូនប្រុស​របស់​គាត់​ម្នាក់​ទៀត​ឈ្មោះ សំអាត វាសនា ដែល​ជា​មន្ត្រី​យោធា នៅ​ក្រសួងការពារជាតិ ដែល​តែង​ដឹកនាំ​បាតុកម្ម​ទម្លាក់​ព្រះ​អង្គ ទាំង​គ្មាន​កំហុស​សោះ ។​

ទោះជាយ៉ាងណារហូត​មក​ដល់​រសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ អ្នក​សារព័ត៌មានយើងមិន​ទាន់​ទទួល​បានការ​បកស្រាយ​ពី​ក្រុម​មន្ត្រី​យោធា​ខាងលើនៅឡើយ​ទេ ។

សូម​បញ្ជាក់​ថា ចៅអធិការ​វត្ត​គោក​បញ្ជាន់ ៖ ឧត្តមសេនីយ៍​យោធា​២​រូប និង​គូកន ចង់បាន​ដី​វត្ត​ជាង​៣​ហិច​តា​កាលពី​ព្រឹក​ថ្ងៃ​ទី​០១ ខែធ្នូ ឆ្នាំ​២០១៩ មាន​បាតុករ​មួយ​ក្រុម​ដឹកនាំ​ដោយ​ឈ្មោះ ហង្ស ប៊ុ​ន​ឡេ​ង និង​កូនប្រុស ឈ្មោះ សំអាត វាសនា និង​ឈ្មោះ ពុំ ផ​ល្លី បាន​សម្រុកចូល​ទៅ​ក្នុង​វត្ត​គោក​បញ្ជាន់ ស្ថិត​នៅ​ក្នុងភូមិ​ចោម​ចៅ​២ សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ដោយ​នាំ​គ្នា​ទាមទារ​ឱ្យ​ដក​ព្រះ​អង្គ​ចេញពី​ចៅអធិការ​វត្ត ព្រមទាំង​បណ្ដេញ​ព្រះ​អង្គ​ចេញពី​វត្ត ហើយ​ដែល​អ្នកចូលរួម​ធ្វើ​បាតុកម្ម​នោះ ពុំ​មែន​ជា​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត​នោះ​ឡើយ​។​

​ពួក​គេ​ភាគច្រើន គឺជា​កម្មករ កម្មការិនី​រោងចក្រ ដែល​ឈប់​សម្រាក​ពី​ការងារ​នៅ​ថ្ងៃអាទិត្យ ហើយ​ត្រូវ​បាន​មេខ្លោង​ខាងលើ​ជួល​ក្នុង​ម្នាក់​១០​ដុល្លារ និង​ខ្លះ​ទៀត​ប្រាប់​ថា ទៅ​បើក​អំណោយ​នៅ​ក្នុង​វត្ត​។ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ បែរជា​ធ្វើ​បាតុកម្ម​ប្រឆាំង​ព្រះសង្ឃ ហើយ​ក្រោយមក​អ្នក​ទាំងនោះ មានការ​ខកចិត្ត និង​ក្តៅក្រហាយ​គ្រប់​គ្នា ព្រោះតែ​មេខ្លោង​បោកប្រាស់ អត់ឱ្យ​លុយ​១០​ដុល្លារ ដែល​បាន​សន្យា​ឡើយ​ ។​

​ពួក​គេ បាន​ចោទ​ព្រះ​ចៅអធិការ​វត្តថា បាន​លក់​ដី​វត្ត​ទំហំ ៧​ម៉ែត្រ គុណ​១៥០​ម៉ែត្រ​ទៅ​ឱ្យ​ឈ្មួញ ប៉ុន្តែ​ព្រះ​អង្គ​ពុំ​បានដឹង​ឡើយ ព្រោះ​បើ​តាម​ប្លង់ ដែល​បាន​ធ្វើ​នៅ​ក្នុង​ឆ្នាំ​២០០៥ ដី​នោះ​គឺ​ស្ថិត​នៅ​ក្រៅ​ដី​វត្ត​ទេ ហើយ​កាល​ណោះ​អាជ្ញាធរ​សង្កាត់ ដែល​មាន​លោក សុទ្ធ សាធ ជា​ចៅសង្កាត់ បាន​កាត់​យក​ធ្វើ​ជា​ផ្លូវ ឬ​លក់ដូរ ក៏​ព្រះ​អង្គ​មិន​បានដឹង​ដែរ ព្រោះ​ជា​ដី​ក្រៅ​ប្លង់​វត្ត​ ។​

​ចំណែក​រឿង​អធិករណ៍​វត្ត បាន​ផ្ទុះ​ឡើង​នៅ​ក្នុង​ឆ្នាំ​២០១៦ ដែល​កាលនោះ​មាន​មេ​ក្លោ​ង​៤​នាក់ បាន​ដឹកនាំ​បាតុកម្ម​ទម្លាក់​ព្រះ​អង្គ គឺ​ទី​១៖ ឧត្តមសេនីយ៍ឯក ហង្ស ប៊ុ​ន​ណា​, ទី​២៖ ឧត្តមសេនីយ៍ត្រី ហង្ស ប៊ុ​ន​ឡេ​ង​, ទី​៣៖ ឈ្មោះ ពុំ ផ​ល្លី និង​ទី​៤៖ ឈ្មោះ ឃី ជឺ​។ អ្នក​ទាំងនោះ ចង់​លេប​យក​ដី​វត្ត (ជនមិនស្គាល់មុខ ប្រើកូនចៅទៅបោះបង្គោលរបងព័ទ្ធយកដីវត្តគោកបញ្ជាន់ មានទំហំជិត៤ហិកតា មានតម្លៃខ្ទង់ជិត២០លាន )តែ​មិន​បាន​សម្រេច បែរជា​មក​ប្ដឹង​ចោទប្រកាន់​ព្រះ​អង្គ ជា​អ្នក​លួច​លក់​ដី​វត្ត ដី​ស្រះ​ព្រះ​ទន្លេ ទំហំ​ជាង​៣​ហិច​តា​ទៅ​វិញ​។ ប៉ុន្តែ​ក្រោយមក​អាជ្ញាធរ​ពាក់ព័ន្ធ បាន​ធ្វើការ​ស្រាវជ្រាវ​រក​មិនឃើញ​កំហុស ទើប​ដោះស្រាយ​បញ្ចប់រឿង​អធិករណ៍​តាំងពី​ពេល​នោះ​មក​ហើយ​។ ប៉ុន្តែ​ក្រុម​នេះ​នៅ​តែ​មិន​ព្រម​បញ្ឈប់​សកម្មភាព​របស់​ខ្លួន​ឡើយ នៅ​តែ​បន្ត​រករឿង​ព្រះ​អង្គ ឥត​ឈប់​រហូត​ដល់​ពេល​នេះ បាន​ដឹកនាំ​ធ្វើ​បាតុកម្ម​ទម្លាក់​ព្រះ​អង្គ​បែប​នេះ​ទៀត ៕