ស្រាវជ្រាវដោយ ឈឹម សេរីភួន ៖

ក្រោយពីបានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី សឺង ង៉ុកថាញ់ មានបំណងធ្វើទំនាក់ទំនងជាមួយវៀតណាម និងជនជាតិនៅអាស៊ីទាំងអស់ ឲ្យមានភាពល្អប្រសើរឡើងវិញ។ គាត់បានទទួលស្គាល់ឯករាជ្យនៃរបបសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម របស់ហូ ជីមិញ ដែលបានប្រកាសជាផ្លូវការ នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ១៩៤៥ ដែលជូនគ្នានឹងថ្ងៃព្រះចៅអធិរាជរបស់ប្រទេសជប៉ុន ប្រកាសឲ្យកងទ័ពព្រះអង្គទម្លាប់អាវុធ ចុះចាញ់នៅសង្គ្រាមនៅអាស៊ី គឺក្រោយពីការទម្លាប់គ្រាប់បែកបរមាណូរបស់សហរដ្ឋមេរិក ទៅលើទីក្រុងហ៊ីរ៉ូហ្ស៊ីម៉ា ថ្ងៃទី០៦ ខែសីហា និងនៅទីក្រុងណាហ្គាសាគី ថ្ងៃទី០៩ ខែសីហា ឆ្នាំ១៩៤៥ ។

លោក សឺង ង៉ុកថាញ់

ចំណែកប្រទេសអ៊ីតាលី បានប្រកាសចុះចាញ់សង្គ្រាមតាំងពីឆ្នាំ១៩៤៣ ហើយប្រទេសអាល្លឺម៉ង់ ប្រកាសទម្លាក់អាវុធចុះចាញ់សង្គ្រាមនៅអ៊ឺរ៉ុប ថ្ងៃទី០៧ ខែឧសភា ឆ្នាំ ១៩៤៥។ ដូច្នេះសង្គ្រាមលោកលើកទី២ ដែលចាប់ផ្តើមនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ១៩៣៤ បណ្តាលឲ្យបាត់បង់ជីវិតមនុស្សសរុបចំនួន៥៥លាននាក់នោះ ត្រូវបានបញ្ចប់ទាំងស្រុងនៅថ្ងៃទី២ខែកញ្ញាឆ្នាំ១៩៤៥ ខណៈដែលសង្គ្រាមលោកលើទី១ ដែលចាប់ផ្តើមឡើងពីឆ្នាំ១៩១៤ ដល់ឆ្នាំ១៩១៨ មានការបាត់បង់ជីវិតមនុស្ស១៥លាននាក់។
ពេលនោះ សឺង ង៉ុកថាញ់ មានបំណងផ្សារទំនាក់ទំនងបេសកកម្មការទូត ជាមួយរបបសាធារណរដ្ឋប្រជាធិបត្យវៀតណាម នៅភាគខាងត្បូង ដើម្បីសហការគ្នាប្រឆាំងនឹងបារាំងបន្តទៀត។
មិនតែប៉ុណ្ណោះ សឺង ង៉ុកថាញ់ បានអំពាវនាវឲ្យជនជាតិខ្មែរទាំងអស់ធ្វើសហប្រតិបត្តិការដោយចិត្តស្មោះស្ម័គ្រ និងដោយភាតរភាពជាមួយពួកវៀតណាម ទៀតផង ។
ជាមួយគ្នានោះដែរ សឺង ង៉ុកថាញ់ បានចាត់ឲ្យយុវជនខ្មែរកាត់ចិនម្នាក់ ឈ្មោះអៀ ស៊ីចូវ ដែលជាសហការីដ៏ជិតស្និទ្ធបំផុតរបស់គាត់ ឲ្យធ្វើដំណើរទៅប្រទេសចិន ដើម្បីស្វែងរកជំនួយពីមេដឹកនាំប្រទេសនេះផងដែរ ព្រោះពេលនោះសឺង ង៉ុកថាញ់ បានបាត់បង់ជប៉ុន ជាខ្នងបង្អែករបស់ខ្លួនហើយ ។

ព្រះមហាក្សត្រនរោត្តម សីហនុ ពេលយាងទៅប្រទេសបារាំង

ទន្ទឹមនោះ តាមរយៈប្អូនប្រុសគាត់ម្នាក់ ជាមេបញ្ជាការកងទ័ពវៀតមិញ ឈ្មោះ សឺង ថៃង្វៀន នៅទឹកដីកម្ពុជាក្រោម សឺង ង៉ុកថាញ់ បានជួបទាក់ទងមេដឹកនាំវៀតមិញ ក្នុងគោលបំណងសហការគ្នា ដើម្បីតស៊ូប្រឆាំងការវិលត្រឡប់របស់បារាំង មកធ្វើអាណនិគមនៅកម្ពុជា ឡើងវិញ ហើយសឺង ង៉ុកថាញ់ បានចាត់តំណាងគាត់ម្នាក់ឲ្យជួបចរចាគ្នាជាមួយពួកមេដឹកនាំវៀតមិញ នៅវៀតណាមភាគខាងត្បូងនោះ ។ ប៉ុន្តែ តំណាង ដែលសឹង ង៉ុកថាញ់ ចាត់ឲ្យទៅចរចានោះ អនុវត្តខុសគោលការណ៍ដែលគាត់បានគ្រោងទុក បែរជាដាក់លក្ខខណ្ឌចំពោះភាគីវៀតមិញថា ត្រូវប្រគល់ខែត្តត្រាវិញ និងស្រុកទ្រាំង ដែលវៀតណាមដណ្តើមយកពីកម្ពុជា នោះ ប្រគល់មកឲ្យកម្ពុជា វិញសិន ទើបកម្ពុជាយល់ព្រមសហការជាមួយ។ ដោយសារតែការដាក់លក្ខខណ្ឌនេះ ទើបធ្វើឲ្យការចរចារវាងគាត់ និងពួកវៀតមិញ នោះ ត្រូវបរាជ័យ។
ពេលនោះ ឃឹម ទិត ជារដ្ឋមន្ត្រីក្រសួងការពារជាតិ សាធារណការ និងសុខាភិបាលរបស់រាជរដ្ឋាភិបាលដែលមាន សឺង ង៉ុកថាញ់ ជានាយករដ្ឋមន្ត្រី ក៍បានលួចធ្វើដំណើរទៅទីក្រុងព្រៃនគរ ជួប ឡឺគ្លេក អគ្គទេសាភិបាលបារាំងប្រចាំឥណ្ឌូចិន ប្រាប់ពីអាថ៌កំបាំងនៃផែនការរបស់សឺង ង៉ុកថាញ់ ដែលមានបំណងចង់សហការជាមួយពួកវៀតមិញ ដើម្បីប្រឆាំងបារាំង មិនឲ្យចូលមកធ្វើអាណាព្យាបាលលើប្រទេសកម្ពុជាថ្មីម្តងទៀត។
ពេលនោះដែរ ក្នុងនាមព្រះមហាក្សត្រនរោត្តម សីហនុ ឃឹម ទិត បានស្នើសុំឲ្យបារាំងវិលត្រឡប់ទៅទីក្រុងភ្នំពេញ វិញជាបន្ទាន់ និង ជួយចាត់វិធានការយ៉ាណា កុំឲ្យសឺង ង៉ុកថាញ់ ចងសម្ព័ន្ធភាពជាមួយពួកវៀតមិញ បាន ព្រោះសម្ព័ន្ធភាពនេះ ពុំមែននាំឯករាជ្យមកឲ្យកម្ពុជាទេ គឺមានតែធ្វើពួកវៀតមិញ ចូលមកកាន់កាប់ត្រួតត្រាប្រទេសកម្ពុជា ប៉ុណ្ណោះ ៕