ខេត្តកណ្តាល៖ បុរស២នាក់ បានទិញស្រាបៀរមកអង្គុយព័ទ្ធវង់ផឹកជាមួយគ្នាយ៉ាងសប្បាយរីកថ្លើមប្រមាត់ លុះពេលស្រវឹងស្រឿងៗស្រាប់តែកើតមានជម្លោះរឿងចេញលុយថ្លៃទិញស្រា ធ្វើឲ្យភាគីម្ខាងផ្ទុះជម្លោះវាយកៅអីវាយគូជម្លោះបណ្តាលឲ្យបែកក្បាលហូរឈាមកក្លាក់។
ករណីអំពើហិង្សាវាយគ្នាក្នុងវង់ផឹកនេះ បានកើតឡើង កាលពីវេលាម៉ោង២២ និង០០ នាទី ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ចំណុចភូមិព្រែកក្របៅទី២ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល លុះរំលងបាន១ថ្ងៃ ទើបសមត្ថកិច្ចចាប់ជនដៃដល់បាន។ ជនរងគ្រោះមានឈ្មោះ ធឺម សាន ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិ.ឃុំកើតហេតុ ។ ចំណែក ជនដៃដល់ឈ្មោះសុខ ផារ៉ុម ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិ.ឃុំ.កើតហេតុ (ឃាត់ខ្លួន)។


សមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះនិងជនសង្ស័យ រួមជាមួយឈ្មោះ ចឺម ហួរ ភេទ ប្រុស បានអង្គុយផឹកស្រាបៀរនៅក្រោមផ្ទះជនរងគ្រោះ។ លុះដល់វេលាម៉ោង ២២:០០ នាទី ជនរងគ្រោះបានឲ្យលុយទៅឈ្មោះ ចឺម ហួរ ចំនួន ១៥.០០០រៀល និងក្រវិលកំប៉ុងត្រូវរង្វាន់ចំនួន០៤កំប៉ុង ទៅដូរនិងទិញស្រាបៀរថែម។ ពេលនោះជនរងគ្រោះ និងជនសង្ស័យក៏មានទំនាស់ពាក្យសម្តីជាមួយគ្នា(រឿងលុយទិញស្រា) ភ្លាមនោះជនសង្ស័យផ្ទុះកំហឹង បានយកកៅអីដែកទៅវាយជនរងគ្រោះ ០៣កៅអី រងរបួសកដៃខាងឆ្វេង ០១កន្លែង បែកថ្ងាស ០១កន្លែងដេរ ០៣ថ្នេរ និងរបួសក្បាល ០១កន្លែង បន្ទាប់មកអ្នកទាំងពីរបានបែកចេញពីគ្នា។


ប្រភពបន្តថា លុះម៉ោង៨ និង១០នាទី ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលព្រែកអំពិល កម្លាំងប៉ុស្តិ៍ចុះស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបញ្ជូនមក អធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធី៕