ខេត្តពោធិ៍សាត់ ៖ ក្មេងស្រី២នាក់បងប្អូន ខណៈដែលឪពុកម្តាយមិននៅផ្ទះ បាននាំគ្នាទៅងូតទឹកស្រះ លេង ហើយអកុសល បានរអិលជើងទៅកន្លែងមានទឹកជ្រៅ គ្មានអ្នកប្រទះឃើញជួយសង្រ្គោះទាន់ពេលវេលា បណ្តាលឲ្យស្លាប់ទាំង២នាក់យ៉ាងអាណោចអាធ័ម បង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង១១ និង៣០ព្រឹក ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតភូមិជ្រលង ឃុំអន្លង់ត្នោត ស្រុកក្រគរ ។


ក្មេងស្រីរងគ្រោះ ដែលលង់ទឹកស្លាប់មានឈ្មោះកោះ ល័ក្ខិណា អាយុ៩ឆ្នាំ និងម្នាក់ទៀត មានឈ្មោះ កោះ លីណា អាយុ៧ឆ្នាំ។ ក្មេងស្រីទាំង២នាក់ ជាបងប្អូននឹងគ្នាបង្កើត មានឪពុកឈ្មោះ មាស រ៉ា និងម្តាយឈ្មោះ ចេង ដេត រស់នៅក្នុងមូលដ្ឋានខាងលើ។


សមត្ថកិច្ចបញ្ជាក់ថា ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះពិនិត្យសពក្មេងស្រីរងគ្រោះ រួចបញ្ជាក់ថា ពួកនាងពិតជាលង់ទឹកស្លាប់មែន មិនជាប់ពាក់នឹងករណីឃាតកម្មឡើយ ហើយបានធ្វើកំណត់ហេតុ ប្រគល់សពឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ទាំងក្តីសោកអាល័យជាពន់ពេក៕