ខេត្តសៀមរាប៖ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា បុរសជាជនសង្ស័យម្នាក់បានទៅទារលុយតុងទីនពីជនរងគ្រោះ តែមិនបាន ក៍យកកាំបិតទៅសម្លុតទារលុយម្ដងទៀត ធ្វើឲ្យជនរងគ្រោះភិតភ័យលោតផ្លោះរបងបណ្ដាលឲ្យបាក់ជើងខាងឆ្វេង ហើយជនសង្ស័យបានលោតតាមទាន់ រួចនិយាយគំរាមថា បើមិនឲ្យលុយទេគេនឹងកាប់ឲ្យងាប់ ។ខណ:នោះ សមត្ថកិច្ចទៅដល់ បានបញ្ជាឲ្យតែជនសង្ស័យទម្លាក់កាំបិតចុះ តែជនសង្ស័យមិនព្រម រហូតដល់ប្រពន្ធជនរងគ្រោះយកលុយចំនួន២២លានរៀលមកប្រគល់ឲ្យ ទើបជនសង្ស័យព្រមដាក់កាំបិតចុះ ឲ្យសមត្ថកិច្ចឃាត់ខ្លួន។

ហេតុការណ៍ប្រើវិធីទារលុយដ៍កម្រនេះ បានកើតឡើងកាលពីវេលាម៉ោង ១៥ និង ៣៥នាទី ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតនៅភូមិបន្ទាយស្រី ឃុំដំដែក ស្រុកសូទ្រនិគម ។
ជនសង្ស័យឈ្មោះ ម៉ិក ផា ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរ អារកនិងបោចមាន់លក់។ ចំណែកជនរងគ្រោះឈ្មោះ យុន ប៉ូណាត់ ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរ មេតុងទីន។ អ្នកទាំង២រស់នៅភូមិ/ឃុំខាងលើ។
សមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ជនសង្ស័យបានទៅទារលុយតុងទីនពីជនរងគ្រោះម្ដងរួចមកហើយ តែមិនបាន ។

លុះដល់វេលាកើតហេតុ ជនសង្ស័យមកពីផ្សារ ឃើញផ្ទះជនរងគ្រោះបើកទ្វាររបង ក៏ជិះម៉ូតូទៅផ្ទះខ្លួនយកកាំបិតដងដែកមួយ ហើយជិះត្រឡប់មកវិញសម្លុតទារលុយដែលជនរងគ្រោះជំពាក់នោះ ធ្វើឲ្យជនរងគ្រោះភិតភ័យ ក៍លោតផ្លោះរបងបណ្ដាលឲ្យបាក់ជើងខាងឆ្វេង ហើយជនសង្ស័យបានលោតតាមព្រមទាំងចាក់សោររបងជាប់ រួចនិយាយថា បើមិនឲ្យលុយទេ គេនឹងកាប់ងាប់ បង្កឲ្យមានការភ្ញាក់ផ្អើល ហើយសមត្ថកិច្ចក៍បានទៅដល់ និងបញ្ជាឲ្យជនរងគ្រោះទម្លាក់កាំបិតចុះ តែជនសង្ស័យមិនព្រម លុះត្រាតែបានលុយសិន។ បន្ទាប់មកបងប្អូនជនរងគ្រោះបានរកលុយឲ្យទៅប្រពន្ធជនរងគ្រោះចំនួន២២លានរៀល យកទៅប្រគល់ឲ្យ ទើបជនសង្ស័យព្រមដាក់កាំបិតចុះ ហើយឲ្យសមត្ថកិច្ចឃាត់ខ្លួនតាមសម្រួល។
ក្រោយឃាត់ខ្លួន ជនសង្ស័យបានសារភាពថា ខ្លួនពិតជាកាន់កាំបិតសម្លុតទារលុយជនរងគ្រោះបា្រកដមែន ដោយជនរងគ្រោះជាមេតុងទីន មិនព្រមសងលុយ។ បន្ទាប់មកសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនជនសង្ស័យទៅសាលាដំបូង ដើម្បីចាត់ការតាមច្បាប់៕