រាជធានី​ភ្នំពេញ ៖ លោក សុង ប៊ុ​ណ្ណា​រិ​ទ្ធិ ប្រធាន​ក្រុមប្រឹក្សា​ចៅក្រម​ជំនុំជម្រះ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​០២ ធ្នូ ២០១៩​នេះ បាន​បើក​សវនាការ​ក្នុង​សំណុំរឿង​ឃាតកម្ម​មួយ ដោយ​ស្ត្រី​សង្ស័យ ជា​ម្តាយក្មេក និង​ស្ត្រី​សង្ស័យ​ជា​ប្រពន្ធ រួមដៃគ្នា​សម្លាប់​កូនប្រសារ​ប្រុស ។​

​ជនជាប់ចោទ​ទាំង​២​នាក់​(​ម្តាយ​និង​កូនស្រី​) ស្ត្រី​ជា​ម្តាយ​ឈ្មោះ គង់ ធីតា អាយុ​៤៩​ឆ្នាំ និង​កូនស្រី​ឈ្មោះ ង៉ូ​យ សុ​ម៉ា​រី អាយុ​២០​ឆ្នាំ ត្រូវជា​ប្រពន្ធ​របស់​ជន​រង​គ្រោះ​ឈ្មោះ គឹ​ម យ៉​ត ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ។​

​នៅ​ក្នុង​សវនាការ នៅ​ព្រឹក​នេះ ត្រូវ​បាន​តំណាង​អយ្យការ​ចោទប្រកាន់​ពី​បទ​ឃាតកម្ម ប្រព្រឹត្ត​នៅ​ក្នុង​បន្ទប់​ជួល ផ្លូវ​បេតុង ភូមិ​ចុង​ថ្នល់​ខាងលិច សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០១៩ យោង​តាម​មាត្រា ១៩៩​នៃ​ក្រមព្រហ្មទណ្ឌ​។​

​យ៉ាងណា ជនជាប់ចោទ​ទាំង​២​នាក់ បាន​សារភាព​ថា ពួក​គេ​ពិតជា​បាន​រួមដៃគ្នា​សម្លាប់​ជន​រង​គ្រោះ​មែន ព្រោះតែ​ជន​រង​គ្រោះ​ប្រើ​ហិង្សា​លើ​ជនជាប់ចោទ​ជា​ប្រពន្ធ​មុន ។ ហើយ​នៅ​មុន​ពេល​កើតហេតុ ស្ត្រី​ដៃដល់ ជា​ប្រប​ពន្ធ បាន​សុំ​លុយ​ជន​រង​គ្រោះ​ចំនួន​១​ម៉ឺន​រៀល តែ​ជន​រង​គ្រោះ​មិន​ព្រម​ឲ្យ ទើប​ឈ្លោះ​គ្នា និង​ឈាន​ដល់​កើតជា​អំពើ​ហិង្សា បែប​នេះ ។ នៅ​ពេល​ហិង្សា​កើតឡើង ជន​រង​គ្រោះ​បាន​ច្របាច់ក​ប្រពន្ធ ទើប​ម្តាយក្មេក​ចូល​ជួយ​កូនស្រី ទាញ​យក​កាំបិតប៉័ងតោ​ទៅ​កាប់​ពី​ខាងក្រោយ ចំណែក​ប្រពន្ធ​បាន​យក​ខ្សែភ្លើង និង​ស្កុ​ត​ចង​រុំ​ដៃ និង​ជើង​ជន​រង​គ្រោះ រួច​យក​កាំបិត​ចុង​ស្រួច​ចាក់​ប្តី​ថែម​២​កាំបិត​ទៀត ស្លាប់​តែ​ម្តង​ទៅ ។​

​ក្រោយ​ស្តាប់​ចម្លើយ​ជនជាប់ចោទ​ទាំង​២​នាក់ ក្រុមប្រឹក្សា​ចៅក្រម​ជំនុំជម្រះ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ប្រកាស​សាលក្រម​សំណុំរឿង​នេះ នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែធ្នូ ឆ្នាំ​២០១៩ ខាង​មុខ​នេះ ៕