ខេត្តកណ្តាល៖ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា សាកសពយុវជនវិកលចរិកម្នាក់ ត្រូវបានគេប្រទះឃើញអណ្តែតទឹកមិនដឹងមូលហេតុ បង្កឲ្យមានការភ្ញាក់ផ្អើល កាលថ្ង‌ៃទី ៣០ខែវិច្ឆិកា ឆ្នាំ ២០១៩ នៅចំណុចអូរស្ពាន ស្ថិតនៅភូមិពោធិ៍បួន ឃុំម្កាក់ ស្រុកអង្គស្នួល។


ជនរងគ្រោះ ឈ្មោះ តឿ ទួ ភេទប្រុស អាយុ១៧ ឆ្នាំ សញ្ជាតិខ្មែរ ជាមនុស្សវិកលចរិក រស់នៅភូមិឃុំខាងលើ នៅលីវ ។
សាក្សីត្រូវជាយាយជនរងគ្រោះ បានឲ្យដឹងថា ក្រោយពីឪពុកម្តាយជនរងគ្រោះ ស្លាប់អស់ គាត់បានចិញ្ចឹមចៅជាមនុស្សវិកលចរិកម្នាក់នេះ តាំងពីតូច រហូតដល់វ័យ១៧ឆ្នាំ។ លុះដល់ថ្ងៃទី២៩ ខែវិចិ្ឆកា ឆ្នាំ ២០១៩ ចៅនេះបានបាត់ពីផ្ទះ ហើយគាត់ក៍មិនបានដើររកដែរ ព្រោះចៅនេះធ្លាប់តែដើរបាត់ៗបែបនេះ ។នៅដល់ថ្ងៃទី៣០ ខែវចិ្ឆកា ឆ្នាំ២០១៩ ប្រហែលម៉ោង៩ និង១០នាទី ឈ្មោះ អៀង គីម ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរជាងជុសជុលម៉ូតូ ស្ថិតនៅភូមិជាមួយគ្នា ទៅបង់សំណាញ់នៅអូរស្ពាន ក៍ប្រទះឃើញសាកសពចៅគាត់អណ្តែតទឹក ហើយបានមកប្រាប់គាត់។


ក្រោយពេលប្រទះឃើញសាកសព សមត្ថកិច្ចជំនាញបានចុមកដល់កន្លែងកើតហេតុ ពិនិត្យលើជនរងគ្រោះ ឃើញថា ពុំមានស្លាកស្នាមអី្វ គួរឲ្យកត់សម្គាល់ទេ និងបានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ ដោយសារលង់ទឹក និងបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្តាម ប្រពៃណី ៕