ហ្វី​លី​ពី​ន​ដែល​ម្ចាស់ផ្ទះ ព្រឹ​ត្ត​ការណ៍​កីឡា​អាស៊ី​អាគ្នេយ៍​លើក​ទី​៣០ កំពុង​រង​ការ​រិះគន់​​ពី​សំណាក់​ប្រទេស​ដែល​ចូលរួម​ប្រកួត​ស៊ី​ហ្គេ​ម ទាក់ទង​ការ​រៀបចំពិសេស​បញ្ហា​បដិសណ្ឋារកិច្ច​អត្ត​ព​លិ​ក​ដែល​ជា​ភ្ញៀវផង​នោះ ស្រាប់​ពេល​នេះ ម្ចាស់ផ្ទះ​មួយនេះ​រង​ការ​គំរាមកំហែង​មួយទៀត ពី​ព្យុះ​ទី​ហ្វុ​ង​កាំ​មូ​រី (Kammuri) ដែល​ចូល​មក​ដល់​ប្រទេស​ហ្វី​លី​ពី​នផងដែរ ។​

​ក្រុម​អ្នក​ព្យាករណ៍​ឧតុនិយម និយាយ​កាលពី​ថ្ងៃអាទិត្យ​ទី​១ ធ្នូ ២០១៩​នេះ​ថា ហ្វី​លី​ពី​ន​បាន​ចាប់ផ្តើម​ជម្លៀស​ប្រជាជន​រាប់​ពាន់​នាក់​ហើយ ដែល​ព្យុះ​ទី​ហ្វុ​ង​ដ៏​ខ្លាំងក្លា​មួយ កំពុង​បោកបក់​យ៉ាង​ខ្លាំង ពី​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក ដោយ​នាំ​មក​នូវ​ភ្លៀង​ធ្លាក់​ខ្លាំង និង​ខ្យល់​បោកបក់​ខ្លាំង ។​

​ក្រុម​ព្យាករណ៍​ឧតុនិយម អះអាង​ថា ព្យុះ​ទី​ហ្វុ​ង​កាំ​មូ​រី នឹង​បោកបក់​ខ្លាំង នៅ​ល្ងាច​ថ្ងៃ​ទី​២​ធ្នូ រហូត​ដល់​ព្រឹក​ថ្ងៃ​ទី​៣ ស​ប្តា​ហ៍​នេះ ដោយ​នាំ​មក​នូវ​ខ្យល់​កន្ត្រាក់​ល្បឿន​ដល់​ទៅ ១៧០​គីឡូម៉ែត្រ ក្នុង​មួយ​ម៉ោង និង​ល្បឿន​ខ្យល់​ថេរ​ជា​អតិបរមា ១៤០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ។​

​សូម​ជម្រាប​ថា ព្យុះ Kammuri បាន​ចូល​ដល់​ទឹកដី​ហ្វី​លី​ពី​ន កាលពី​ល្ងាច​ថ្ងៃ​សៅរ៍​មក​ម្ល៉េះ មុន​ពេល​លោក​ប្រធានាធិបតី ឌូ​ទើ​តេ និង​កំពូល​អ្នក​ប្រដាល់ ប៉ាក​គី​អៅ ធ្វើពិធីដុត​ភ្លើង​គប់ និងថ្លែងបើក​ព្រឹត្តិការណ៍​កីឡា​នេះ​។​

​ការិយាល័យ​គ្រប់គ្រង​គ្រោះ​មហន្តរាយ បានអោយ​ដឹង​ថា ជាង​៨០០​គ្រួសារ ដែល​មាន​ប្រជាជន​ប្រហែលជា ៣.០០០ ទៅ​៤.០០០​នាក់ បាន​ស្ថិត​នៅ​ក្នុង​មណ្ឌល​ជម្លៀស​រួច​ហើយ ដែល​ភាគច្រើន គឺ​នៅ​ក្នុង​សាលារៀន​និង​កន្លែង​បរិវេណ​ហាត់ប្រាណ ក្នុង​ខេត្ត ។ ក្នុង​តំបន់​ខ្លះ​នៅ​ភាគ​កណ្តាល បាន​ចាប់ផ្តើម​ជម្លៀស​ប្រជាជន ។ ក្រុម​មន្ត្រី​កំពុង​ជម្លៀស​តំបន់​មួយ​ចំនួន​ទៀត ដូច្នេះ​ចំនួន​មនុស្ស​ដែល​ត្រូវ​ជម្លៀស រំពឹង​កើនឡើង​បន្ត​ទៀត ៕