ខេត្តបន្ទាយមានជ័យ ៖ អ្នកញៀនថ្នាំចំនួន១៥០នាក់ ក្នុងចំណោមជិត៨០០នាក់ ដែលកំពុងស្តារនីតិសម្បទាបន្សាបថ្នាំញៀន ក្នុងមជ្ឈមណ្ឌលជីវិតថ្មីភ្នំបាក់ ស្ថិតក្នុងភូមិភ្នំបាក់ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ បានពុលផ្លែត្រសក់ បណ្តាលឲ្យមានអាការៈក្អួត ចង្អោរ រាគរូស ហើយបានស្លាប់ម្នាក់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ហេតុការណ៍នេះ កាលពីវេលាម៉ោង២រសៀល ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៩ ។


ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ មានម៉ូយបន្លែបានឲ្យផ្លែត្រសក់ ប្រមាណជា៣-៤ថង់ ដល់មជ្ឈមណ្ឌលជីវិតថ្មីភ្នំបាក់ ដោយមិនគិតលុយ។ ពេលនោះមានក្រុមយុជនកំពុងស្តារនិតិសម្បទាបន្សាបគ្រឿងញៀន បាននាំគ្នាយកផ្លែត្រសក់នោះ មកហូបជាមួយអំបិលម្ចេស ខ្លះបានលាងទឹក ខ្លះក៏អត់ ។ លុះយប់ឡើង ស្រាប់តែអ្នកហូបថ្លែត្រសក់ទាំងនោះ មានអាការ រាគរូ ក្អួតចង្អោរ ជាបន្តបន្ទាប់ រហូតដល់រសៀលម៉ោង២ ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៩ ទើបខាងមជ្ឈមណ្ឌលជីវិតថ្មីភ្នំបាក់ បានរាយការណ៍ប្រាប់សមត្ថកិច្ច។


ប្រភពបន្តថា ពេលនោះ លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្ត បានបញ្ជាឲ្យកម្លាំងនគរបាល នាំយករថយន្តរបស់ស្នងការដ្ឋាន ជួយដឹកនាំជញ្ជូនយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែក មិត្តភាពកម្ពុជា-ជប៉ុន នៅស្រុកមង្គលបូរី ចំនួន៧៣នាក់ ក្នុងនោះស្រីមាន១៣នាក់ និងស្លាប់១នាក់ប្រុស ។ លុះដល់ម៉ោងប្រមាណជា៤រសៀល ស្រាប់តែមានយុវជនប្រមាណជាង៩០នាក់ផ្សេងទៀត បានក្អួតចង្អោរ ត្រូវបានដឹកយកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណ ៕