យោងតាមស្រាវជ្រាវរបស់សេដាក បានរកឃើញថា ក្នុងមួយថ្ងៃកម្ពុជាបាននាំចូលស្លឹកគ្រៃ៥០តោន និងក្រូចឆ្មាយ៉ាងតិច១០តោនពីប្រទេសវៀតណាម ។ លោក សម វិទូ ប្រធានអង្គការសេដាក បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា ក្នុងមួយឆ្នាំៗកម្ពុជានាំចូលបន្លែប្រមាណ៨០ភាគរយ ពីប្រទេសជិតខាង ខណៈពេលដែលកម្ពុជាអាចផលិតបានប្រមាណតែ២០ភាគរយប៉ុណ្ណោះ។

លោកបានបន្តថា មានមូលហេតុមួយចំនួនដែលធ្វើឲ្យកសិករខ្មែរ មិនអាចផលិតនិងដាំដំណាំដោយខ្លួនឯងបាន ដូចជា៖ កសិករមិនទាន់ទទួលបានបច្ចេកទេសនៃការដាំដុះគ្រប់គ្រាន់ កង្វះខាតប្រព័ន្ធធារាសាស្ត្រ កង្វះការផ្សព្វផ្សាយ និងគ្មានផែនការច្បាស់លាស់ក្នុងការផលិតជាដើម ។

លោក សម វិទូ បានថ្លែងបែបនេះ នៅក្នុងទិវាស្រែ ស្តីពីការជំរុញការធ្វើស្រែតាមបែបប្រពលវប្បកម្មស្រូវ តាមគោលការណ៍ធម្មជាតិ ដែលបានរៀបចំដោយមជ្ឈមណ្ឌលសិក្សា និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (សេដាក) នៅក្នុងស្រុកត្រាំកក់ ខេត្តតាកែវ កាលពីពេលកន្លងទៅថ្មីៗនេះ ៕