អន្តរជាតិ៖ យន្តហោះធុនតូចមួយគ្រឿង បានសម្រេចចុះចតភ្លាមៗ ក្រោយពីមានភ្លៀងទឹកកកដែលមានគ្រាប់ធំៗ ដែលធ្លាក់មកបណ្តាលឲ្យយន្តហោះធ្លុះសុះស្ទើតែទាំងស្រុង បណ្តាលឲ្យអ្នកដំណើរជាង៤០នាក់ ព្រលឹងចុងសក់។ ហើយមិនត្រឹមតែប៉ុណ្ណោះ យន្តហោះខាងលើនេះត្រូវបានរន្ទះបាញ់ចំផងដែរ តែសំណាងល្អគ្មានមនុស្សណាម្នាក់រងរបួសនោះឡើយ ។

ហេតុការណ៍ខាងលើនេះ បានកើតឡើងពេលដែលយន្តហោះ ដឹកអ្នកដំណើរធុនតូចប្រភេទ Havilland Dash 8-300 ជើងហោះហើរលេខ 9J-PZB របស់ក្រុមហ៊ុនអាកាសចរណ៍ Proflight ពេលកំពុងតែបន្ទាបខ្លួនចុះចតនៅលើអាកាសយានដ្ឋានអន្តរជាតិ Kenneth Kaunda ក្នុងទីក្រុង Lusaka ប្រទេស Zambia កាលពីវេលាម៉ោង១៥និង២៩នាទីរសៀល ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ថ្មីៗនេះ ។

យន្តហោះខាងលើ ដឹកអ្នកដំណើរ៤១នាក់ឆ្ពោះទៅកាន់អាកាសយានដ្ឋានអន្តរជាតិ Kenneth Kaunda ក្នុងរដ្ឋធានី Lusaka ហើយក៏ជួបនិងភ្លៀងធ្លាក់ដុំទឹកកកធំៗ ហើយរន្ទះបានបាញ់ចំយន្តហោះតែម្តង ។ អ្នកដំណើរនៅក្នុងយន្តហោះ បានប្រាប់ឲ្យដឹងថា ពួកគាត់មានការភ័យនិងបារម្មណ៍យ៉ាងខ្លាំង ពេលដែលដុំទឹកកកដែលមានគ្រាប់ធំៗ បានធ្លាក់ចំយន្តហោះលាន់សូរដូចគេគោះប៉ោតនៅក្នុងត្រចៀក តែគ្មាននរណាម្នាក់បានរងរបួសឡើយ ។

គួរបញ្ជាក់ផងដែរថា កាលពីដើមឆ្នាំ​២០១៩​នេះ យន្តហោះ​​ Airbus A380-841 របស់ក្រុមហ៊ុនអាកាសចរណ៍​ China Southern Airlines ​មានលេខហោះហើ B-6140ក៏ជួបហេតុការដូចគ្នានេះដែរ គឺភ្លៀងទឹកកក​ពេលហោះហើរពិទីក្រុងក្វាងចូវទៅកាន់ទីក្រុងប៉េកាំង ៕