អន្តរជាតិ៖ ថ្មីៗនេះ នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ Abdul Mahdi បានប្រកាសលាលែងចេញពីមុខតំណែងភ្លាមៗ ក្រោយពីវិវាទនយោបាយឈានដល់មហាបាតុកម្ម ដែលបានអូសបន្លាយនៅក្នុងប្រទេសនេះ ដែលបណ្តាលឲ្យមានមនុស្សស្លាប់និងរបួសយ៉ាងច្រើនពាន់នាក់ ហើយហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេស ត្រូវបានបំផ្លាញ ហើយចំណែកសេដ្ឋកិច្ចក្នុងប្រទេសក៏ធ្លាក់ចុះយ៉ាងគំហុក។

មហាបាតុកម្មដែលកើតឡើងពីប្រជាជន ត្រូវបានរាយការណ៍ដោយសារព័ត៌មានអន្តរជាតិជាច្រើនថា មកទល់ពេលនេះ មានមនុស្សស្លាប់ជាង៤០០នាក់ហើយ បន្ទាប់មកនាយកដ្ឋមន្ត្រី Abdul Mahdi បានចេញសេចក្តីថ្លៃងការប្រកាសជាផ្លូវការ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ថា “ខ្ញុំបានដាក់លិខិតលាលែងចេញពីតំណែងជាផ្លូវការ ឡើងកាន់អំណាចរដ្ឋសភាជាតិ ដើម្បីឲ្យសភាជ្រើសរើសបុគ្គលថ្មីមកជំនួស និងដឹកនាំប្រទេសបន្តពីខ្ញុំ” ។

យោងតាមការិយាល័យរបស់នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការដែលលោក Abdul សម្រេចចិត្តខាងលើនេះ ក្រោយពេលដែលមេដឹកនាំសាសនានិកាយស៊ីអ៊ីន ឈ្មោះ Al Sistani បានអំពាវនាវឲ្យមានការផ្លាស់ប្តូរអ្នកដឹកនាំ ដើម្បីរំងាប់រលកបាតុកម្មហិង្សាក្នុងប្រទេសនេះ ។

យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាលអ៊ីរ៉ាក់បានបញ្ជាក់ថា មានមនុស្សជាង៤០០នាក់ស្លាប់ នៅក្នុងការប៉ះ​ទង្កិចដោយហិង្សា ​ដុតបំផ្លាញទីសាធារណៈ​ ។ ក្រុមបាតុករ​បានអំពាវនាវ ឲ្យ​​កែទម្រង់​ប្រព័ន្ធដឹកនាំ រំលាយរដ្ឋាភិបាល ជ្រើសរើសមេដឹកនាំថ្មី បញ្ចប់អំពើពុករលួយ ៕