ខេត្តតាកែវ៖ ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តមួយគ្រឿងម៉ាកសាំយ៉ុង បុកម៉ូតូមួយគ្រឿង បត់ឆ្លងផ្លូវទៅខាងឆ្វេង បណ្ដាលឲ្យស្រីជាប្រពន្ធស្លាប់នឹងកន្លែងកើតហេតុ ខណៈប្ដីជាអ្នកបើកបររងរបួសធ្ងន់។


ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ លើផ្លូវជាតិលេខ២ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១០៦-១០៧។ ត្រង់ចំណុចខាងជើងផ្លូវចូលក្លោងទ្វាវត្តអង្គប្រាសាទ ស្ថិតភូមិពេជសារ ឃុំពេជសារ ស្រុកកោះអណ្ដែត ។


ជនរងគ្រោះឈ្មោះ យឿង ស្រាន់ អាយុ៤៣ឆ្នាំ ត្រូវជាប្រពន្ធស្លាប់នឹងកន្លែងកើតហេតុ។ ឯប្ដីជាអ្នកបើកបរឈ្មោះ យី សុធា អាយុ៤៥ឆ្នាំ រងរបួសធ្ងន់។
មុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿងម៉ាក សាំយ៉ុង ពណ៌សំបកឪឡឹក សេរីឆ្នាំ២០០១ ពាក់ស្លាសលេខ ភ្នំពេញ 2AD-5027 ទិសដៅពីត្បូងទៅជើង មកដល់ចំណុចខាងលើ បានបុកជាមួយនឹងម៉ូតូមួយគ្រឿងម៉ាក វេវ ពណ៌ទឹកសណ្ដែក ជិះ២នាក់ប្ដីប្រពន្ធ មកពីលិចធ្វើការបត់ឆ្លងផ្លូវទៅខាងឆ្វេង បណ្ដាលឲ្យស្រីជាប្រពន្ធស្លាប់នឹងកន្លែងកើតហេតុ ខណៈប្ដីជាអ្នកបើកបររងរបួសធ្ងន់។ ភ្លាមៗនោះ បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនបាត់ស្រមោល។


ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅធ្វើការវាស់វែង និងយកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីដោះស្រាយគ្នាតាមច្បាប់ ។ ចំណែកជនរងគ្រោះបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ និងប្រគល់សពឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕