រាជធានី​ភ្នំពេញ ៖ លោក ស សុខា រដ្ឋលេខាធិការ នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ប្រធាន​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា បាន​ជួប​សំណេះសំណាល ជាមួយ​ក្រុម​គ្រូបង្វឹក កីឡាករ​-​កីឡាការិនី​ប៊ូល និង​ប៉េតង់​កម្ពុជា ត្រៀម​ចូលរួម​ការ​ប្រកួត SEA GAMES ២០១៩ លើក​ទី​៣០ ដែល​ប្រទេស​ហ្វី​លី​ពី​ន យើង​ធ្វើ​ជា​ម្ចាស់ផ្ទះ ចាប់ពី​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ដល់​ថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ​២០១៩ ។​

​លោក ស សុខា បាន​មាន​ប្រសាសន៍​កាលពី​រសៀល​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៩​ថា ការ​ប្រកួត​កាន់តែ​ខិត​ជិត មក​ដល់​ហើយ នៅ​សល់​តែ ប៉ុន្មាន​ថ្ងៃ​ទៀត​ទេ ដូច្នេះ​កីឡាករ​-​កីឡាការិនី ត្រូវ​ប្រយ័ត្នប្រយែង ការ​ហូប​ចុក និង​ថែទាំ​សុខភាព ឲ្យ​បាន​ល្អ ព្រមទាំង​ខិតខំ​ហ្វឹកហាត់ បន្ថែម​ទៀត ត្រូវ​ធ្វើការ​ប្រកួត ឲ្យ​អស់​សមត្ថភាព ដូច​ការ​ប្រកួត នៅ​ក្រៅប្រទេស​ដែរ ។​

​សម្រាប់​កម្ពុជា បាន​បញ្ជូន​ប្រតិភូ គ្រូបង្វឹក គ្រូ​ជំនួយ និង​កីឡាករ​-​កីឡាការិនី​ប៉េតង់ ចំនួន​១៧​នាក់ ក្នុង​នោះ​មាន​កីឡាករ​ចំនួន​៦​នាក់ គឺ​៖ សុខ ចាន់​មាន​, ញ៉ែ​ម បូ​រ៉ា​, ថោ​ង ឈឿ​ង​, តិ​ប ន​រ៉ា​, សៀង វ​ណ្ណា និង យឹ​ម សុ​ភណ្ឌ ។​

​ដោយឡែក កីឡាការិនី​មាន​៦​នាក់​ដែរ រួម​មាន​៖ វីរ​កីឡាការិនី កែ ឡេ​ង ជា​ម្ចាស់​មេដាយមាស ជើងឯក​ពិភពលោក ៤​សម័យកាល​ជាប់​ៗ​គ្នា​, កីឡាការិនី អ៊ុ​ក ស្រី​មុំ​, កីឡាការិនី អ៊ុ​ន ស្រី​យ៉ា​, កីឡាការិនី ស្រ៊ា​ង សុ​រ៉ា​ឃី​ម​, កីឡាការិនី ឃួ​ន យ៉ា​រី​, និង​កីឡាការិនី ដួង ឌី​ណា ។​

​ក្នុង​ឱកាស​ជួប​សំណេះសំណាល លោក ស សុខា ប្រធាន​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា បាន​ឧបត្ថម្ភ​ដល់​គ្រូបង្វឹក កីឡាករ​-​កីឡាការិនី ក្នុង​មួយម្នាក់​ទឹកប្រាក់ ចំនួន​៣០០ ដុល្លារ ផង​ដែរ ៕