វេជ្ជបណ្ឌិតអាមេរិកកាំងឈ្មោះ John Day បានចុះទៅសិក្សាស្រាវជ្រាវនៅភូមិដាច់ស្រយាលមួយនៃប្រទេសចិន ដែលល្បី ថាសម្បូរអ្នករស់នៅមានសុខភាពល្អ និងមានអាយុជាង១០០ឆ្នាំ។ ភូមិនោះឈ្មោះវា បាប៉ាន (bapan) ស្ថិតនៅភូមិភាគនិរតី ប្រទេសចិន ជិតព្រំដែនប្រទេសវៀតណាម។ នៅក្នុងភូមិនោះ ក្នុងចំណោមអ្នកភូមិ១០០នាក់ មានមួយនាក់អាយុលើសពី ១០០ឆ្នាំ ដែលនៅសហរដ្ឋអាមេរិកក៏មាន ១នាក់ក្នុងចំណោមប្រជាជន ៥៧៨០នាក់។

គាត់ទទួលបានមេរៀនល្អៗពីអ្នកភូមិនោះ​​ ហើយបានយកមេរៀនទាំងនោះមកអនុវត្តដែលជួយឱ្យគាត់មានសុខភាពល្អជាងមុន និងដល់អ្នកជម្ញឺរបស់គាត់ជាច្រើនឱ្យបានជះស្បើយ ឬធូរស្រាលពីជម្ញឺរ៉ាំរ៉ៃមួយចំនួនដូចជា ដេកមិនលក់ ឡើងឈាម ទឹកនោមផ្អែម ឡើងទម្ងន់ មានជាតិកូឡេស្ថេរុលខ្ពស់ ឈឺក្រពះ ។ល។

មេរៀនសំខាន់ៗមានចំនួន ៧៖

១. ចំណីអាហារធម្មជាតិ៖ បរិភោគចំណីអាហារធម្មជាតិពិតប្រាកដ ជាពិសេសបន្លែ ផ្លែឈើស្រស់ សណ្តែក ពពួកមើម និងពពួកដំណាំផ្សេង ទៀតដូចជាផ្លែដែលមានសំបករឹងពីខាងក្រៅ)។ ចំណីអាហារទាំងនេះ សុទ្ធតែដាំដុះតាមគោលការណ៍ធម្មជាតិ គ្មានប្រើសារធាតុគីមីកសិកម្ម។ អ្វីដែលពិសេសទៀត អ្នកស្រុកចូលចិត្តបរិភោកស៊ុបបន្លែ និងបបរពោត។

២. ការប្រកាន់យកអត្តចរិត និងផ្នត់គំនិតវិជ្ជមាន៖ អ្នកភូមិធ្លាប់កាត់ការលំបាកច្រើន តែគេមានទន្លាប់គិតវិជ្ជមាន ទទួល យកនូវអ្វីដែលកើតមានឡើង រីកករាយជាមួយស្ថានភាពបច្ចុប្បន្នហើយ តែងតែមានសេចក្តីសង្ឃឹមល្អ ចំពោះថ្ងៃ ស្អែក។ អ្វីដែលពិសេសបំផុត គឺអ្នកភូមិដែលមានអាយុវែងចូលចិត្ត ញញឺម គឺញញឹមជាប់ជានិច្ច។

៣. មានទំនាក់ទំនងជាមួយគ្នាល្អ៖ អ្នកភូមិរស់នៅអាប់អាន ចែករំលែក និងជួយគ្នាទៅវិញទៅមក ហើយជួនកាល គេក៏បរិភោគអាហាររួមគ្នាផងដែរ។ គេនិយាយថា “នៅពេលជីវិតរបស់អ្នកសំខាន់សម្រាប់អ្នកដទៃ ហើយជីវិត អ្នកដទៃសំខាន់សម្រាប់អ្នក ពេលនោះមានជីវិតសម្បូរសប្បាយហើយ”។

៤. មានចលនាជាប់ជានិច្ច៖ អ្នកភូមិ ជាមនុស្សចូលចិត្តធ្វើការស្រែចម្ការ គឺមានភាពរវល់ តែរវល់ដោយសប្បាយ និង នាំមកនូវផ្លែផ្កា។

៥. មានភាពទៀងទាត់៖ អ្នកភូមិ មានទន្លាប់ចូលដំណេក និងក្រោយពីដំណេកទៀងទាត់ ដែលជួយឱ្យគេមាន ដំណេកបានល្អ។ ការប្រកាន់យកភាពទៀងទាត់ ជួយឱ្យជីវិតរបស់គេដំណើរការទៅមុខដោយងាយស្រួល និង មានតុល្យភាពល្អ។

៦. បរិស្ថានរស់នៅមានភាពបរិសុទ្ធល្អ៖ គេរស់នៅដោយមានខ្យល់អាកាស និងទឹកបរិសុទ្ធល្អ។​ អ្នកភូមិ មិនមាន ប្រើ សារធាតុគីមីកសិកម្ម និងសារធាតុសិប្បនិមិត្តផ្សេងៗក្នុងការសម្អាតចាន សំលៀកបំពាក់ និងលំនៅដ្ឋាន។

៧. រស់នៅជាមួយជីវិតដែលមានអត្ថន័យ និងគោលបំណងជាក់លាក់៖ អ្នកភូមិ តែងតែមានអ្វីមួយក្នុងចិត្តរបស់គេ ដែលគេនឹងធ្វើបានសម្រេច ហើយនៅពេលគេបានសម្រេចអ្វីមួយ គេចាប់ផ្តើមផ្តោតលើអ្វីមួយថ្មីទៀត។ ការមាន បុព្វហេតុច្បាស់លាស់ក្នុងការធ្វើអ្វីមួយ ជួយកាត់បន្ថយបញ្ហាទាក់ទងសរសៃឈាមក្នុងបេះដូង និងខួរក្បាល ៕