ស្រាវជ្រាវដោយ ឈឹម សេរីភួន ៖
នៅក្នុងឱកាសប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ នៅចុងសប្តាហ៍ទី២ នៃខែមេសា ឆ្នាំ១៩៤៥ ព្រះមហាក្សត្រ នរោត្តម សីហនុបានប្រកាសជាសាធារណៈថា ឆ្នាំនេះ ជាឆ្នាំដែលចក្រភពនៃព្រះអាទិត្យរះ(ប្រទេសជប៉ុន)បានរំដោះប្រជារាស្ត្រនានានៅអាស៊ី និងបានផ្តល់ឯករាជ្យមួយចំពោះប្រទេសកម្ពុជា ដែលមានតម្លៃមិនអាចកាត់ថ្លៃបាន។
ប៉ុន្តែភ្លាមៗនោះ វាមិនដូចជាការរំពឹងទុករបស់ព្រះមហាក្សត្រនរោត្តម សីហនុ នោះឡើយ ពោលគឺជប៉ុន ក៏មិនខុសពីបារាំងដែរ ពួកគេបានចាប់ផ្តើមប្លន់ទ្រព្យសម្បត្តិ និងប្រមូលស្រូវអង្កររាប់ពាន់តោន យកទៅចិញ្ចិមកងទ័ពគេ និងកេណ្ឌយុវជនខ្មែរ ឲ្យចូលបម្រើក្នុងជួរកងទ័ពគេ ទៀតផង ។
ជាមួយគ្នានោះដែរ ការចាប់ពួកបារាំង ពិសេសមន្ត្រីរដ្ឋបាល និងមន្ត្រីបច្ចេកទេសបារាំង យកទៅដាក់នៅមន្ទីរឃុំឃាំងនោះ ធ្វើឲ្យសេដ្ឋកិច្ចខ្មែរកាន់តែធ្លាក់ដុនដាបថែមទៀត។
មិនតែប៉ុណ្ណោះ ជប៉ុនបានបង្ខិតបង្ខំឲ្យព្រះមហាក្សត្រនរោត្តម សីហនុ យល់ព្រមផ្តល់សិទ្ធិឲ្យពួកគេកេណ្ឌប្រជារាស្ត្រខ្មែរ ទៅស្ថាបនាផ្លូវជាតិនៅច្រើនកន្លែង និងតម្រូវឲ្យមានការបង្រៀនភាសាជប៉ុន នៅតាមគ្រិះស្ថានសិក្សានានាក្នុងទីក្រុងភ្នំពេញ ទៀតផង។ ពិសេស ប៉ុនបានបង្កើតរដ្ឋបាលយោធារបស់ខ្លួនមួយ ដើម្បីគ្រប់គ្រងប្រទេសកម្ពុជា ដោយផ្ទាល់ទៀតផង។

ព្រះចៅអធិរាជជប៉ុន ជាមួយព្រះមហាក្សត្រ នរោត្តម សីហនុ

ដោយយកគំរូតាមពួកជប៉ុន នៅក្នុងប្រទេសកម្ពុជានោះដែរ អាជ្ញាធរថៃ ដែលដណ្តើមយកខេត្តបាត់ដំបង សៀមរាប និងកំពង់ធំ តាំងពីឆ្នាំ១៩៤១ យកទៅគ្រប់គ្រងជាថ្មីម្ដងទៀតនោះ ក៏ចាប់ផ្តើមរឹតបន្តឹងក្នុងការប្រមូលពន្ធ និងបានបង្ខំឲ្យប្រជារាស្ត្រឲ្យខ្មែរនៅក្នុងខេត្តទាំង៣នោះ និយាយភាសារថៃ ផងដែរ។
នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៤៥ ពួកជប៉ុន បានរៀបចំឲ្យមានរាជរដ្ឋាភិបាលថ្មីមូយ ដោយបានតែងតាំងព្រះមហាក្សត្រនរោត្តម សីហនុ ជានាយករដ្ឋមន្ត្រី ហើយសមាសភាពសមាជិកគណៈរដ្ឋមន្ត្រីថ្មីនេះសុទ្ធតែជាមន្ត្រីជាន់ខ្ពស់ដែលធ្លាប់ទទួលការតែងតាំងពីពួកបារាំង កាលពីមុនផងដែរ។

កងទ័ពជប៉ុន ចូលដលដល់តំបន់ឥណ្ឌូចិន

សមាសភាពរាជរដ្ឋាភិបាលថ្មី មានសមាជិក៩រូប គឺ លោកអ៊ឹង អ៊ី (ជានាយករដ្ឋមន្ត្រីរាជរដ្ឋាភិបាលចាស់ មុននោះ) ជារដ្ឋមន្ត្រីក្រសួងហរិញ្ញវត្ថុ ,ព្រះអង្គម្ចាស់នរោត្តម ម៉ុងតាណា ជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចជាតិ, លោកមាស ណាល់ រដ្ឋមន្រ្តីក្រសួងអប់រំ និងឃោសនាការ , លោកទា សាន (រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងធម្មការ ជាអ្នកចាប់គ្រូអាចារ្យហែម ចៀវ កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ១៩៤២) ជារដ្ឋមន្ត្រីក្រសួងការពារជាតិ និងផ្គត់ផ្គង់, លោកចាន់ ណាក ជាមន្ត្រីក្រសួងយុត្តិធម៌ , លោកស៊ុម ហៀង អនុរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងកិច្ចការនយោបាយ , លោកវ៉ា កាម៉ែល អនុរដ្ឋមន្រ្តីក្រសួងធម្មការ ពុទ្ធិកៈសិក្សា និងវិចិត្រសិល្បៈ , លោកនងនង គឹមនី (ជាអ្នកបកប្រែភាសាខ្មែរ និងបារាំងដ៍ស្ទាត់ជំនាញ) ជានាយសេនាធិការ និងលោកជួន ហ៊ល (កូនឧកញ៉ាជហ្វាវាំង ជួន ) ជាអនុរដ្ឋមន្រ្តីក្រសួងអប់រំ ៕