ការជ្រើសរើសគ្រឿងផ្សំ សាច់ ស៊ុត បន្លែ គឺជារឿងមួយសំខាន់ក្នុងការយកមកបរិភោគ។ ដើម្បីឲ្យកាន់តែមានភាពងាយស្រួល ក្នុងថ្ងៃនេះដែរយើងនឹងណែនាំពីវិធីសាស្រ្ដខ្លះពីរបៀបពិនិត្យមើលសាច់ នឹងស៊ុតឲ្យបានត្រឹមត្រូវ ដូចខាងក្រោម៖

 ១. វិធីពិនិត្យមើលស៊ុតល្អឬស្អុយ

ម្ហូបអាហារប្រចាំថ្ងៃរបស់យើង ភាគច្រើនមានលាយស៊ុត ឬហូបស៊ុតតែម្តងគ្រាន់តែយើងថែមគ្រឿងបន្តិចបន្តូចប៉ុណ្ណោះ។ ហេតុ​នេះ យើងគួរយល់ដឹងពីរបៀបជ្រើសរើសយកស៊ុតថ្មីល្អ មកចម្អិនធ្វើជាអាហារ។ នៅពេលអ្នកទៅយកស៊ុត ឬទិញស៊ុតមករក្សាទុកយូរ គឺស៊ុតនោះអាចខូចឬស្អុយ ក៏ប៉ុន្តែវិធីបែបងាយៗដើម្បីពិនិត្យមើលឲ្យដឹងថា តើស៊ុតល្អ ឬស្អុយនោះ? គឺអ្នកគ្រាន់តែ​យក​ស៊ុតទៅត្រាំនៅក្នុងទឹក ប្រសិនបើស៊ុតនោះអណ្តែត នៅលើទឹក នោះបញ្ជាក់ថា ស៊ុតនោះស្អុយប្រើការលែងកើតហើយ ព្រោះជាធម្មតាស៊ុតថ្មីមិនខូច រមែងលិចនៅក្នុងទឹក។

២. របៀបជ្រើសរើសប្រភេទសាច់គោឲ្យត្រូវនឹងមុខម្ហូប

បើសិនអ្នកចង់ទទួលទានសាច់គោ អ្នកគួរយល់ដឹងពីរបៀបជ្រើសរើស ឬទិញប្រភេទសាច់ឲ្យត្រូវនឹងមុខម្ហូបដែលអ្នកចង់ទទួលទាន ទើបអាហារនោះមានរសជាតិឆ្ងាញ់ត្រូវចិត្តត្រូវមាត់៖

-សាច់ត្រគាកមានសភាពទន់មធ្យម ត្រូវ ឬស័ក្តសមនឹងយកទៅស្ងោរជ្រក់ ឆា ឬចៀន

-សាច់កំភួនជើង ដើមទ្រូង ​និងពោះ ត្រូវ ឬស័ក្តិសមនឹងយកទៅចម្អិនជាម្ហូបប្រភេទស្ងោរស៊ុប

-សាច់ត្រង់ឆ្អឹងជំនីរ និងសាច់សសៃក្នុង ត្រូវ ឬស័ក្តសមនឹងធ្វើម្ហូប ចៀន អាំង ព្រោះសាច់ត្រង់កន្លែងនេះទន់ហើយផុយជាងគេ ៕