ស្រាវជ្រាវដោយ ឈឹម សេរីភួន ៖

នៅថ្ងៃទី៩ ខែមីនា ឆ្នាំ១៩៤៥ កងទ័ពជប៉ុន បានបើកប្រតិបត្តិការសឹកមួយ ហៅថាប្រតិបត្តិការផ្លេកបន្ទោរ នៅឥណ្ឌូចិនទាំងមូល ហើយចាប់មន្ត្រីបារាំងគ្រប់លំដាប់ថ្នាក់ ទាំងទាហាន ទាំងប៉ូលិស និងជនជាតិបារាំងទាំងអស់ ព្រមទាំងទាហានក្នុងស្រុកមួយចំនួនទៀតមកឃុំទុកនៅតាមកន្លែងប្រមូលផ្តុំនីមួយៗ។
នៅប្រទេសកម្ពុជា ការចាប់ខ្លួនពួកបារាំងនេះមិនមែនធ្វើតែនៅក្នុងទីក្រុងភ្នំពេញ នោះទេ គឺនៅតាមបណ្តាខេត្តនានា ក៏ធ្វើដូច្នេះដែរ ។

កងទ័ពជប៉ុន នៅឥណ្ឌូចិន

នៅខេត្តស្ទឹងត្រែង អ្នកតស៊ូប្រឆាំងនឹងបារាំងម្នាក់ឈ្មោះ ចាន់ ដារ៉ា ដែលជាអ្នកស្មោះស្ម័គ្រជាមួយ សឹង ង៉ុកថាញ់ ដែលបានចូលបម្រើក្នុងជួរកងទ័ពជប៉ុន ជាងមួយឆ្នាំមកហើយនោះ ក៏បានចូលរួមក្នុងប្រតិបត្តិការចាប់ពួកបារាំង នោះដែរ។
នៅវេលាម៉ោង៦ព្រលប់ ថ្ងៃទី៩ ខែមីនា ឆ្នាំ១៩៤៥ នោះ មានកងទ័ពជប៉ុន ម្នាក់មានឋានរន្តស័ក្តិជាវរសេនីយ៍ និងម្នាក់ទៀតជាយុទ្ធជន បានប្រាប់ចាន់ តារា ឲ្យដើរជាប់ជាមួយពួកគេ ហើយបានប្រគល់ដាវមួយ និងកាំបិតមួយឲ្យចាន់ តារា ទុកការពារខ្លួន។ លុះដល់ម៉ោង១០យប់ មេទ័ពជប៉ុននោះ ប្រាប់ ចាន់ តារា ថា យប់នេះ យើងត្រូវចាប់ពួកបារាំងទាំងអស់។

កងទ័ពជប៉ុន នៅឥណ្ឌូចិន

ភ្លាមៗនោះក្នុងរយៈពេលតែ២ម៉ោងប៉ុណ្ណោះ ពួកបារាំងទាំងអស់នៅក្នុងខេត្តស្ទឹងត្រែង ត្រូវកងទ័ពជប៉ុន ចាប់ខ្លួនបានគ្មានសល់ម្នាក់ឡើយ។
ចំណែកនៅខេត្តក្រចេះ វិញ ពួកបារាំង បានធ្វើការតបវិញដែរ តែត្រូវបរាជ័យ។ ក្នុងប្រតិបត្តិការរយៈពេលតែ២៤ប៉ុណ្ណោះ កងទ័ពជប៉ុន ចាប់បានពួកបារាំងទាំងអស់ នៅឥណ្ឌូចិនទាំងមូល។
យប់ថ្ងៃទី៩ខែមីនា ឆ្នាំ១៩៤៥នោះដែរ ព្រះមហាក្សត្រនរោត្តម សីហនុ បានគេចព្រះកាយចេញពីព្រះបរមរាជវាំង ទៅពួនសម្ងំនៅក្នុងកុដិរបស់ព្រះតេជគុណកែវ អ៊ួច ក្នុងវត្តបុទុមវត្តី ដោយខ្លាចពួកជប៉ុន ចាប់ព្រះកាយដែរ ព្រោះព្រះអង្គបានឡើងគ្រងរាជសម្បត្តិជាព្រះមហាក្សត្រដោយសារតែពួកបារាំង នោះដែរ។ លុះបន្តិចក្រោយមក ពួកមេទាហានជប៉ុន បានស្នើសុំព្រះមហាក្សត្រខ្មែរ ព្រះមហាក្សត្រវៀតណាម និងព្រះមហាក្សត្រលាវ ប្រកាសឯករាជ្យ នៅតាមប្រទេសរៀងៗខ្លួន។

កងទ័ពជប៉ុន នៅឥណ្ឌូចិន

នៅថ្ងៃទី១៣ ខែមីនា ព្រះមហាក្សត្រ សីហនុ បានប្រកាសរំលាយចោលសន្ធិសញ្ញា ដែលព្រះមហាក្សត្រនរោត្តម ជាព្រះអយ្យកោ បានឡាយព្រះហស្ថលេខាជាមួយបារាំង កាលពីឆ្នាំ១៨៦៣ និង១៨៨៤នោះ ឈប់ទទួលស្គាល់បារាំង ជាអាណាព្យាបាលលើប្រទេសកម្ពុជា ចាប់ពីពេលនេះតទៅ។
ក្រោយពេលចាប់មន្ត្រីយោធា និងស៊ីវិលព្រម ទាំងពលរដ្ឋបារាំង យកទៅឃុំឃាំងអស់ ជប៉ុនបានដាក់មន្ត្រីខ្មែរជំនួសវិញ នៅតាមក្រសួង ស្ថាប័ន និងអង្គភាពទាងងស់។ សូម្បីតែនៅតាមវិទ្យាល័យនានា ក៏ជប៉ុន ដាក់សាស្ត្រាចារ្យខ្មែរ ជំនួសសាស្ត្រាចារ្យបារាំង ដែរ៕

ព្រះមហាក្សត្រ សីហនុ