ស្រាវជ្រាវដោយ ឈឹម សេរីភួន ៖
ក្រោយពីអាជ្ញាធរបារាំង ធ្វើការបង្ក្រាបបាតុកម្ម ដែលដឹកនាំដោយប៉ាច ឈឺន ដើម្បីទាមទារឲ្យដោះលែងលោកគ្រូអាចារ្យ ហែម ចៀវ និងលោកនួន ឌួង វិញ អ្នកដែលបានចូលរួមក្នុងការធ្វើបាតុកម្ម ទាំងគ្រហស្ថ ទាំងព្រះសង្ឃជាច្រើននាក់ និងច្រើនអង្គ បានរត់គេចពីការតាមចាប់របស់បារាំងយកទៅកាត់ទោសនោះ បានទៅសម្ងំលាក់ខ្លួននៅតាមបណ្តាខេត្ត ស្រុកមួយចំនួន។ នៅក្នុងឆ្នាំ១៩៤៤ ចលនាតស៊ូកុម្មុនិស្តដំបូង ត្រូវបានបង្កើតឡើងនៅក្នុងខេត្តបាត់ដំបង ដោយបក្សកុម្មុយ
និស្តឥណ្ឌូចិន និងបក្សកុម្មុយនិស្តថៃ។ ប៉ុន្តែមានក្នុងនោះ មានអាចារ្យប្រេស និងស៊ីវ ហេង ជាអ្នកចូលរួមយ៉ាងសកម្ម។


នៅក្នុងឆ្នាំ១៩៤៣ បន្ទាប់ពីទទួលរងនូវការវាយបករបស់សត្រូវនៅក្នុងមហាសមុទ្រ ប៉ាស៊ីហ្វិក មក កងទ័ពជប៉ុន ក៏បានផ្លាស់ប្តូរយុទ្ធសាស្ត្ររបស់ខ្លួន ដោយបញ្ឈប់ធ្វើសហប្រតិបត្តិការជាមួយរដ្ឋាភិបាល នៃប្រទេសអាណានិគមជាច្រើន ហើយបង្កើតឲ្យមានរបបឯករាជ្យ នៅប្រទេសភូមា សឹង្ហបុរី និងនៅឥណ្ឌូនេស៊ី ដែលធាតុពិតរបបឯករាជ្យនោះ គឺជប៉ុន ជាអ្នកបង្កើតឡើងដើម្បីដាក់ប្រទេសទាំងនោះ ឲ្យនៅក្រោមអំណាចរបស់ខ្លួនតែប៉ុណ្ណោះ ហើយប្រជាជននៅបណ្តារប្រទេសទាំងនោះ ក៏មិនគាំទ្ររបបឯករាជ្យ ដែលជារបបអាយ៉ងរបស់ជប៉ុន នោះដែរ។
ដោយមានជំនួយពីសម្ព័ន្ធមិត្តសហរដ្ឋអាមេរិក និងអង់គ្លេស ប្រជាជនភូមា ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី បាននាំគ្នាក្រោកឡើងប្រយុទ្ធប្រឆាំងនឹងកងទ័ពជប៉ុន យ៉ាងផុសផុល។

លោក ហូ ជីមិញ មេបក្សកុម្មុយនិស្តឥណ្ឌូចិន

ដោយសារបញ្ហានេះហើយ ទើបបានជាជប៉ុន មិនហ៊ានបង្កើតរដ្ឋាភិបាលអាយ៉ង របស់ខ្លួននៅឥណ្ឌូចិន ព្រោះខ្លាចមានការបះបោរប្រឆាំងនឹងខ្លួន ដូចទៅភូមា ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី ទៀត ដោយសុខចិត្តទុកឲ្យបារាំង ជាអ្នកធ្វើអាណានិគមបន្តទៀត ហើយខ្លួនយកតំបន់ឥណ្ឌូចិន គ្រាន់តែធ្វើជាប្រភពសេដ្ឋកិច្ចសម្រាប់ផ្គត់ផ្គង់កងទ័ព ដើម្បីធ្វើសង្គ្រាមប៉ុណ្ណោះ។
នៅក្នុងឆ្នាំ១៩៤៤ សង្គ្រាមនៅសមុទ្រប៉ាស៊ីហ្វិក មានសភាពសាហាវឡើងៗ ដោយមានអន្តរាគមន៍ពីកងទ័ពអាមេរិក និង អង់គ្លេស។
នៅថ្ងៃទី៦ ខែមិថុនាឆ្នាំ១៩៤៤ កងទ័ពឯករាជ្យបារាំង ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ហ្សាល ដឺហ្គោល (Charles de Gaulle)ចាប់ផ្តើមធ្វើការតស៊ូរំដោះប្រទេសពីការកាន់កាប់របស់កងទ័ពណាហ្ស៊ីអាល្លឺម៉ង់ វិញ។
នៅថ្ងៃទី២៤ខែសីហា ឆ្នាំ១៩៤៤ កងទ័ពបារាំង បានដណ្តើមទីក្រុងបារីស ឲ្យរួចផុតពីការគ្រប់គ្រងរបស់កងទ័ពអាល្លឺម៉ង់៕

លោកឧត្តមសេនីយ៍ហ្សាល ដឺហ្គោល (Charles de Gaulle) ( រូបខ្ពស់ជាងគេ )