ត្រីអណ្តែង គឺជាត្រីមួយប្រភេទងាយស្រួលចិញ្ចឹម ពីព្រោះវាធុននឹងជំងឺ បរិស្ថាន និងស៊ីចំណីមិនសូវរើស។ លោក ប៉ោ សេដ្ឋា ជាអ្នកចិញ្ចឹមត្រីអណ្តែងក្នុងអាងតង់កៅស៊ូ នៅក្នុងផ្ទះល្វែងវីឡាកូនកាត់ នារាជធានីភ្នំពេញ ដោយយកកាកសំណល់ផ្ទះបាយធ្វើជាចំណីត្រី បានផ្តល់នូវបទពិសោធន៍ចិញ្ចឹមត្រីអណ្តែងជាក់ស្តែងមួយចំនួនដូចខាងក្រោម។

១. ទីតាំង និងអាងតង់កៅស៊ូ

ទីតាំងចិញ្ចឹមស្ថិតនៅផ្នែកខាងក្រោយផ្ទះ ពោលគឺជាប់នឹងបង្អួចដែលនៅក្បែរតុបាយ គ្រាន់តែខណ្ឌដោយជញ្ជាំងប៉ុណ្ណោះ ហើយមានប្រភពទឹក (ទឹកស្អាត)។ លោក ប៉ោ សេដ្ឋា បានផ្តល់យោបល់ថា បើទីតាំងស្ថិតនៅឆ្ងាយបន្តិចពីតុបាយគឺកាន់តែល្អ។

អាងកៅស៊ូតង់ គឺស៊ុមអាងធ្វើពីទុយយោទឹកជ័រ (PVC) ដែលទុយយោនោះទំហំប៉ិនកដៃ ដោយមានរនាមឫស្សីចងស្រាក់បន្ថែមដើម្បីឲ្យមាំទប់នឹងសំពាធទឹក។ តង់កៅស៊ូដេរអ៊ុតទំហំ បណ្តោ២,៥ម៉ែត្រ ទទឹង០,៩ម៉ែត្រ  ជំរៅ០,៨ម៉ែត្រ មានចោះកងផ្នែកជាយខាងលើដើម្បីចងស្រាក់ជាប់នឹងស៊ុម PVC ។ ផ្នែកខាងលើណាមួយនៃតង់កៅស៊ូត្រូវចោះរន្ធតូចៗ​កឹបកងចំនួន៥ (រន្ធនេះគួរចោះឃ្លាតពីមាត់លើចុះក្រោមចំងាយ២តឹក និងដាក់សំណាញ់បាំងកុំឲ្យកូនត្រីចេញបាននៅ​ពេលទឹកឡើងដល់) សំរាប់ឲ្យទឹកហូរចេញក្នុងករណីយើងបូមទឹកដាក់ហើយភ្លេចបិទ ឬទឹកភ្លៀងស្រក់ចូល និងត្រូវមានរន្ធបិទបើកបាននៅផ្នែកខាងក្រោមងាយស្រួលបង្ហូរទឹកចេញ។ រន្ធទាំងខាងលើនិងក្រោមនេះ ត្រូវចោះកន្លែងណាដែលទឹកហូរចេញមកក្រៅត្រូវនឹងទិសដែលយើង​ចង់បានឲ្យវាហូរ។ ចំណែកកូនត្រីអណ្តែងដាក់ចិញ្ចឹមមានចំនួន៣០០ក្បាល។

២. ការថែទាំ និងការប្រមូលផល

  • ឧស្សាហ៍ប្តូរទឹក បើមិនងាយប្តូរទេវាជះក្លិនមិនល្អ ពិសេសអាង ឬរណ្តៅចិញ្ចឹមត្រីនៅជិតផ្ទះ (កន្លែងហូបបាយ កន្លែងសំរាក កន្លែងដេក…) និងប៉ះពាល់ដល់សុខភាពត្រី។
  • ពេលដាក់ចំណីគឺត្រីដណ្តើមគ្នាស៊ី ដូច្នេះត្រូវយកឆ្អឹងឬវត្ថុរឹងចេញ បើពុំនោះទេត្រីនឹងស៊ី ហើយអាចនឹងងាប់ជាមិនខាន។
  • កុំដាក់ចំណីច្រើនពេក (ដាក់ល្មមត្រីស៊ីអស់) ពីព្រោះបើចំណីនៅសល់នាំឲ្យខូចគុណភាពទឹក និងប៉ះពាល់ ដល់សុខភាពត្រី។
  • ចំណីណាមានខ្លាញ់ច្រើន គួរលាងខ្លាញ់ចេញចាំដាក់ឲ្យត្រីស៊ី។ ធ្វើដូចនេះដើម្បីកុំឲ្យទឹកកង្វក់។
  • ចំណីខ្លះដាក់ទៅគឺត្រីមិនស៊ីភ្លាមទេ ប៉ុន្តែនៅពេលវាឃ្លាន វាពិតជាស៊ីមិនខានឡើយ។
  • ចំណីដែលរៀបរាប់ក្នុងតារាងខាងលើ គឺសុទ្ធតែកាកសំណល់ផ្ទះបាយ។ សំណល់ណាដែលខូចគុណភាពខ្លាំងពេក គួរកុំដាក់ឲ្យត្រីស៊ី ពីព្រោះវាអាចនាំឲ្យប៉ះពាល់ដល់សុខភាពត្រី។
  • ចិញ្ចឹមបានរយៈពេល៣ខែ អាចចាប់បរិភោគបានជាបណ្ដើរៗ (ត្រូវចាប់ត្រីណាធំពេកជាងគេ ដើម្បីកុំឲ្យវារំខាន ឬស៊ីត្រីតូចៗគ្នាវា)។

៣. យោបល់របស់លោក ប៉ោ សេដ្ឋា

  • មានទីតាំងសមស្រប និងទឹកគ្រប់គ្រាន់ គួរចិញ្ចឹមត្រីអណ្តែង ដែលនាំឲ្យយើងសប្បាយនឹងការចិញ្ចឹម មានបទពិសោធន៍ និងចំណេះដឹង រួចចែកចាយទៅអ្នកជិតខាង និងក្មេងជំនាន់ក្រោយ។
  • បើមានបច្ចេកទេសបូមទឹកចេញពីអាងដោយប្រើសំពាធទឹក ឬខ្យល់ រួចបន្សុទ្ធទឹកទំលាក់ចូលមកក្នុងអាងវិញ ដោយមិនចំណាយលុយប្រចាំខែ ឬចំណាយលុយតិចគឺកាន់តែប្រសើរ ពីព្រោះវាមិនអស់ថ្លៃភ្លើង អគ្គិសនី និងថ្លៃទឹក។
  • បើបងប្អូនចេះច្នៃធ្វើអាងចិញ្ចឹមត្រីយ៉ាងណាអស់តម្លៃថោក គឺកាន់តែប្រសើរ។
  • ចំណី សាច់ បន្លែ…ដែលមិនបានរៀបរាប់ក្នុងតារាងខាងលើ ខ្ញុំជឿថាត្រីអណ្តែងក៏ស៊ីដែរ គឺគ្រាន់តែស៊ីតិចឬច្រើនប៉ុណ្ណោះ។
  • ប្រជាពលរដ្ឋខ្មែរជាង៩០% កាន់ព្រះពុទ្ធសាសនា ដូច្នេះពេលចូលវ័យចាស់ និងក៏មានក្មេងខ្លះមិនហ៊ានចិញ្ចឹមសត្វ ពិសេសសម្លាប់សត្វសម្រាប់បរិភោគឡើយដោយខ្លាចបាបកម្ម។ គួរកុំគិតរឿងបុណ្យបាបក្នុងករណីនេះពេក។ ចិញ្ចឹមបានត្រីធម្មជាតិហូបមិនប៉ះពាល់សុខភាព និងហូបត្រីប៉ះពាល់សុខភាព (ដោយជឿបុណ្យបាប) តើជ្រើសរើសយកមួយណា? រឿងសុខភាព និងបច្ចុប្បន្នភាព គឺជារឿងសំខាន់បំផុត៕

ប្រភព៖ សមាគមន៏សម្បូរសប្បាយ