រាជធានីភ្នំពេញ៖ រថយន្តក្រឡុកស៊ីម៉ង់ត៍មួយគ្រឿង បើកបរក្នុងល្បឿនលឿនតាមបណ្ដោយផ្លូវសុខៗ ស្រាប់តែរេចង្កូតរអិលក្រឡាប់ ទៅសង្កត់លើផ្ទះប្រជាពលរដ្ឋ បណ្ដាលឲ្យក្មេងស្រីម្នាក់ ស្លាប់បាត់អណោចអធ័ម កាលពីវេលាម៉ោង០១៖៣០នាទីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចភូមិអន្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ ។
សពក្មេងស្រីរងគ្រោះឈ្មោះ វន សុវាតា អាយុ៤ឆ្នាំ មានស្រុកកំណើតនៅភូមិពោនលិច ឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង។

ប្រជាពលរដ្ឋដែលរស់នៅម្ដុំចំណុចកើតហេតុនេះ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តក្រឡុកស៊ីម៉ង់ត៍មួយគ្រឿង បានធ្វើដំណើរតាមបណ្ដោយ ផ្លូវ៥០ម៉ែត្រ ក្នុងទិសដៅ ពីទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន ស្រាប់តែរេចង្កូតមកខាងស្ដាំដៃ ក្រឡាប់សង្កត់ទៅលើលំនៅដ្ឋានរបស់ប្រជាពលរដ្ឋដែលនៅក្បែរនោះ បណ្ដាលឲ្យសង្កត់លើក្មេងស្រីម្នាក់ ដែលកំពុងតែអង្គុយនៅលើចិញ្ចើមផ្លូវ ស្លាប់បាត់បង់ជីវិតយ៉ាងអណោចអធ័ម។
ក្នុងហេតុការណ៍នេះដែរ គឺមានអណ្ដាតភ្លើងឆាបឆេះរថយន្តបង្កផងដែរ ។


ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញចរាចរណ៍ បានចុះមកដល់ទីតាំងកើតហេតុ ធ្វើការវាស់វែង រួចស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ ។
ចំណែកសាកសពក្មេងស្រី ត្រូវបានសមត្ថកិច្ចធ្វើលិខិតប្រគល់ឲ្យក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕