ភ្នំពេញ ៖ បុរសម្នាក់ជាអ្នកលក់ចាខ្វៃលើចំណីផ្លូវក្បែរផ្សារច្បារអំពៅ ត្រូវបានស្ត្រីជើងខ្លាំង និងបក្ខពួកនាំគ្នាព្រួតវ៉ៃបែកចិញ្ចើមហូរឈាមពេញផ្ទៃមុខ ក្រោយពេលពួកគេទារលុយពីបុរសរងគ្រោះមិនបាន ។
ហេតុការណ៍នេះ បានកើតឡើងកាលពីរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចគល់ស្ពានច្បារអំពៅចាស់ ក្នុងសង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ។


បុរសរងគ្រោះ ឈ្មោះ សុខ ប្រុស អាយុ៤២ឆ្នាំ មុខរបបលក់ ចាខ្វៃតាមរទេះរុញ ស្នាក់នៅផ្ទះលេខ ៤៨២ ផ្លូវលេខ៣៦៩ ក្នុងសង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ។ ចំណែកស្ត្រីដៃដល់ ឈ្មោះទូច ជាអ្នកលក់ផ្លែឈើនៅលើផ្លូវសាធារណៈ គល់ស្ពានព្រះមុនីវង្សចាស់ត្រើយខាងកើត នៅជាប់ច្រកចូលផ្សារច្បារអំពៅប៉ែកខាងត្បូង ។
បុរសរងគ្រោះបានរៀបរាប់ថា រាល់ថ្ងៃ នាពេលជិតភ្លឺ រូបគាត់តែងតែរុញរទេះទៅលក់ចាខ្វៃ និងស្លឹកតយ នៅចំណុចគល់ស្ពានច្បារអំពៅ (ក្បែរផ្សារ) ត្រង់ចំណុចកើតហេតុដូចសព្វដង បន្តិចក្រោយមក មានស្ត្រីម្នាក់តែងតែមកទារលុយពីគាត់ចំនួន២ម៉ីនរៀល ថ្លៃភាស៊ី ដោយយកឈ្មោះលោកប្រធានផ្សារអំពៅ ជាអ្នកឲ្យដើរប្រមូល តែគាត់មិនព្រមឲ្យលុយ ដោយសារគាត់មិនដឹងប្រវត្តិ និងតួនាទីស្ត្រីខាងលើពិតប្រាកដ ។

ស្ត្រីជាងល្អខាងលើបានមកទារលុយគាត់២,៣ដងមកហើយ តែគាត់មិនព្រមឲ្យលុយ ។ រហូតនៅថ្ងៃកើតហេតុ ស្ត្រីរូបនោះនិងបក្ខពួកបាននាំគ្នាឈ្លោះជាមួយគាត់ ព្រមទាំងប្រើហិង្សាវាយគាត់បែក ចិញ្ចើមហូរឈាមពេញផ្ទៃមុខ និងយកកាំបិតទៅអុកលើរទេះរបស់គាត់ទៀត តែមិនបណ្ដាលឲ្យខូចខាតនោះទេ ។
ករណីនេះ គេមិនទាន់ដឹងថា សមត្ថកិច្ចធ្វើការដោះស្រាយយ៉ាងណានៅឡើយទេ៕