រាជធានីភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ តំណាងអយ្យដការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចដោះលែងជនសង្ស័យម្នាក់ ដែលឆបោកលុយរបស់លោកញឹក ប៊ុនឆៃ ជាង៧ម៉ឺនដុល្លារ ក្រោយពីលោកញឹក ប៊ុនឆៃ ដកពាក្យបណ្ដឹងវិញ។


ជនសង្ស័យបានឆបោកប្រាក់របស់លោកញឹក ប៊ុនឆៃ មានឈ្មោះដ កាយ ម៉េង អាយុ៤១ឆ្នាំ មានទីលំនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។ ជនសង្ស័យនេះ កម្លាំងនគរបាលក្រសួងមហាផ្ទៃ ចាប់ខ្លួនកាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវជាតិលេខ៦ A ស្ថិតក្នុងភូមិប្រាសាទ ឃុំប្រាសាទ ស្រុកសន្ទុក ខេត្ដកំពង់ធំ តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក កែវ សុធា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ តាមពាក្យបណ្ដឹងរបស់លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ ពាក់ព័ន្ធករណីឆបោកប្រាក់ប្រមាណ ៧ម៉ឺនដុល្លារ។


សូមបញ្ជាក់ថា កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅ លោកញឹក ប៊ុនឆៃ បានដាក់ពាក្យទៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដោយប្ដឹងពីឈ្មោះកាង ម៉េង និងបក្ខពួកម្នាក់ទៀត ពាក់ព័ន្ធករណីខ្ចីលុយ តែព្យាយាមគេចវេះមិនព្រមសង៕